(កោះកុង)៖ អគារមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយថ្មី រួមនឹងសម្ភារបរិក្ខាពេទ្យថ្មីស្រឡាង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។

ពិធីសម្ពោធអគារនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អគារមណ្ឌលសុខាពយន្តមីនជ្រោយស្វាយស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីសមាជិក សមាជិកា និងប្រជាពលរដ្ឋចូលរួមចំនួន៨១៨នាក់។

អគារមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយថ្មី មានទំហ៊ុំ ១២.៥ម៉ែត្រ គុណ២១.៣ម៉ែត្រ ចំនួន២ជាន់ មានបន្ទប់ចំនួន១៨បន្ទប់ បន្ទប់ទឹកចំនួន៨ រោងរថយន្ត២០ម៉ែត្រ គុណ៣.៥ម៉ែត្រ ចំនួនរោងបាយ១ ស្រះទឹកចំនួន១ សម្ភារប្រើប្រាស់រួមបរិក្ខាពេទ្យមួយចំនួន ប្រើប្រាស់ថវិកាចំនួនជាង២០មុឺនដុល្លា។

លោកនាយឧត្តម យន្ត មីន បានថ្លែងថា អរគុណសន្តិភាពនយោបាយឈ្នះឈ្នះ មានសន្តិភាពមានការអភិវឌ្ឍន៍គ្រប់ផ្នែកគ្រប់វិស័យទាំងនេះស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចខិតខំអភិវឌ្ឍន៍តាំងបាតដៃទទេរហូតមានអ្វីគ្រប់បែបយ៉ាងហើយ និងធ្វើឱ្យមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិទៀតផង។

នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា  អគារមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយ គឺកើតចេញមកពីបេះកូនខ្មែរយើងទាំងអស់គ្នាជាសប្បុរសជនបានជួយគ្នាដើម្បីកសាងឡើងក្នុងទឹកដីជ្រោយស្វាយនេះ ចាប់សាងសង់នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ បានសាងសង់រួចរាល់ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតនិន្នាការនយោបាយពូសាសន៍ឡើយ ។ មណ្ឌលសុខភាពនេះជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងឃុំជ្រោយស្វាយស្រុកស្រែអំបិលនេះដែលពួកគាត់នៅឆ្ងាយពីមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ហើយពួកគាត់អាចកាត់បន្ថយហានិភ័យ បានច្រើននៅពេលជួបបញ្ហាសុខភាពឬបញ្ហាអ្វី១។

នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា ក្នុងឃុំជ្រោយស្វាយអីឡូវនេះមានការអភិវឌ្ឍសម្ធិផលរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ហើយប្រជាពលរដ្ឋក៏មានជីវភាពធូធារ មានធនធានមនុស្ស។

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដូច្នេះ ដើម្បីជាការឆ្លើយតប អរគុណសន្តិភាព សូមពុកម៉ែបងប្អូនកូនក្មួយ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាដែលប្រព្រឹត្តថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ហើយបងប្អូនគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍឱ្យមានភាពចំរើនបន្ថែមទៀតនិងដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត ដើម្បីរក្សាសន្តិភាពយើងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា មានតែគណបក្សប្រជាជនតែ១គត់ ដែលដោះស្រាយជូនប្រជាជនជូនជាតិការអភិវឌ្ឍ និងនាំឱ្យប្រទេសមានកេរ្តិ៍ឈ្មោះល្បីល្បាយនៅឆាកអន្តរជាតិទៀត៕