(បន្ទាយមានជ័យ)៖ រសៀលថ្ងៃទី១៨ ​ខែកក្កដា ​ឆ្នាំ២០២៣ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក បានបន្តចុះជួបជាមួយសមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជា​ នៅគណបក្សឃុំ​ប៉ោយចារ​ ដែលអញ្ជើញមកពីភូមិ​ត្រពាំងថ្មខាងជើង​ ភូមិត្រពាំងថ្មខាងត្បូង​ ភូមិ​ត្រពាំងថ្មកណ្តាល​ ប្រមាណជាង៥០០នាក់។

កម្មវិធីនេះក៏មានបងប្អូនដែលមកពីគណបក្សផ្សេងៗទៀត ចំនួន១៤៨នាក់ ដែលទើបតែចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សេរី កុសល បានរំលឹកអនុស្សាវរីយ៍ដ៏ច្រើនរាប់មិនអស់ ដែលលោកធ្លាប់រស់នៅ និងឆ្លងកាត់នៅភូមិត្រពាំថ្មកណ្តាល ឃុំប៉ោយចារនេះ ដែលពេលមួយនោះ លោកត្រូវបានគេបម្រុងយកទៅសម្លាប់ចោលទៀតផង ព្រោះតែរឿងដាំដើមព្រីង។

លោកបានអំពាវនាវដល់បងប្អូនដែលមកពីគណបក្សផ្សេង ជាពិសេសបងប្អូនជាសមាជិកគណបក្សភ្លើងទៀន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឱ្យអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះជាការបោះឆ្នោតដើម្បីប្រឆាំងនឹងការវិលត្រឡប់មកវិញ នៃការនាំសង្គ្រាមចូលស្រុក, ជាការបោះឆ្នោត ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍ ក្នុងមហាគ្រួសារជាតិ។

លោកបានសង្កត់ធ្ងន់ថា បើបងប្អូនជាសមាជិកគណបក្សភ្លើងទៀន និងសមាជិក មិនទៅបោះឆ្នោតតាមការអំពាវនាវរបស់ជនដែលមាននិន្នការអាក្រក់ចំពោះជាតិ នោះនៅពេលក្រោយ អ្នកនឹងមិនត្រូវអនុញ្ញាតឱ្យឈរឈ្មោះទេ រួមទាំងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបេតយ្យផងដែរ។

លោកបញ្ជាក់មូលហេតុដែលលោកអំពាវនាវឱ្យសមាជិកគណបក្សភ្លើងទៀន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺអ្នកទាំងអស់គ្នារស់នៅដោយស្មើមុខស្មើមាត់ ហើយជាការបោះឆ្នោតបង្រួបបង្រួមជាតិ មិនជឿតាមការញុះញង់របស់បរទេសមួយចំនួន។

លោក សេរី កុសល បន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេសគណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនាយករដ្ឋមន្ត្រីច្បាស់លាស់ គឺសម្តេចតេជោ ហ៊ុន សែន និងមានបេក្ខភាពបន្តវេន គឺបណ្ឌិត ហ៊ុន ម៉ាណែត មិនដូចគណបក្សផ្សេងទៀត ដែលគ្មាននោះទេ។

ក្នុងពីធីសំណេះសំណាលនោះដែរ លោកបានពន្យល់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងការរៀបចំឯកសារ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះឱ្យបានគ្រប់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែសម្បូរសប្បាយរុងរឿងថែមទៀត។

ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅភាពរីករាយ និងមានការហូបនំបញ្ចុក និងការ៉េមកីរួមគ្នា ដើម្បីបង្ហាញពីការសាមគ្គីភាព និងមិត្តភាពផងដែរ។

សូមជម្រាបថា ជារៀងរាល់ថ្ងៃចាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតមក, លោក សេរី កុសល និងសហការី តែងតែចុះជួបប្រមូលផ្តុំប្រជាពលរដ្ឋតាមភូមិ គ្រប់រូបភាពចាប់ពី ១០០នាក់ រហូតដល់ ៥០០នាក់ ក្នុង១ថ្ងៃទាំងព្រឹក ទាំងល្ងាច ដើម្បីត្រួតពិនិត្យឡើងវិញ ពីលទ្ធផលនៃការងារ និងការបោះឆ្នោតគ្រប់បណ្តាឃុំនានានៃស្រុកភ្នំស្រុក៕