(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដាបណ្ដាលវិជ្ជាជីវៈ បានចាត់ទុកថា ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករគ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង សុទ្ធតែបានរួមចំណែកដល់ការលើកស្ទួយវប្បធម៌ អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

ការបញ្ជាក់នេះធ្វើឡើងក្នុងពេលលោក អ៉ិត សំហេង ទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូសមាគមអ្នកភ្លេង ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា សមាគមអ្នកភ្លេង ទើបបង្កើតតាមប្រកាសលេខ ២៥៣១ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ លោកបន្តថា ចក្ខុវិស័យ និងគោលបំណងរបស់សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាង គឺជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។

សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ដែលពួកគាត់ភាគច្រើនសុទ្ធតែមានបទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរ្យតន្រ្តី។

លោក អ៉ិត សំហេង បានសម្ដែងនូវការពេញចិត្ត និងគាំទ្រចំពោះគំនិតផ្តួចផ្តើមប្រមែប្រមូលធនធានមនុស្សវ័យចំណាស់ជំនាន់មុនដែលមានទេពកោសល្យ និងបានឆ្លងកាត់បទពិសោធន៍ច្រើនជំនាន់ ហើយបានបង្កើតបាននូវស្នាដៃក្នុងជំនាន់នីមួយៗ ដើម្បីប្រមូលផ្តុំគ្នាជាក្រុមជួយជ្រោមជ្រែង ថែរក្សាមរតកពីយូរយាណាស់មកហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានចេះ បានដឹង ចូលរួមលើកស្ទួយវប្បធម៌ ថែរក្សាតម្លៃនៃសិល្បៈវប្បធម៌ជាតិ។

លោកបានលើកឡើងថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យមានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀនមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។

លោករដ្ឋមន្ត្រីបានលើកឡើងថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួមសម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេងក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ។

លោករដ្ឋមន្រ្តីនឹងរៀបចំដាក់កម្មវិធីបណ្ដុះបណ្ដាលផ្នែកតូរ្យតន្រ្តីនេះទៅក្នុងគម្រោងនៃគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងយុវជន១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាលនឹងផ្តល់ការបណ្តុះបណ្តាលដោយមិនគិតថ្លៃ ហើយថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។ សេវាកម្មតូរតន្ត្រីក៏មានទីផ្សារការងារគួរសមដែរ ខណៈនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានាក៏ត្រូវការសេវាកម្មតូរតន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិផង។

គួរជម្រាបថា ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករគ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង សុទ្ធតែបានរួមចំណែកដល់ការលើកស្ទួយវប្បធម៌ អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ៕