(ភ្នំពេញ)៖ ដោយអស់ជំនឿជាមួយគណបក្សរបស់ខ្លួន លោក នេត សុឃឿន បេក្ខជនបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅមណ្ឌលខេត្តកណ្តាលរបស់គណបក្សភ្លើងទៀន បានប្រកាសផ្តាច់ខ្លួន និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យដែលោកជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានចំពោះស្នាដៃដ៏មហិមានេះបានឡើយ។ ជាពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរៀបចំ ប្រទេសកាន់តែមានវឌ្ឍនៈភាពឥតឈប់ឈរ។
លោកបន្ថែមថា សម្តេចតេជោ បានដឹកនាំប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត រហូតប្រទេសទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀត សម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរស សម្រាប់របស់លោកចងចាំមិនអាចបំភ្លេចបានឡើយ។ លោកសូមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានធ្វើឱ្យប្រទេសកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ ដែលមាន សម្ដេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។
លោកសូមគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងសម្រាប់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
លោករិះគន់ថា ដោយកន្លងមកលោកបានចូលរួមបម្រើជាថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយថ្នាក់ដឹកនាំមិនមានគោល ជំហរច្បាស់លាស់ មានតែការបង្ករភាពវឹកវរ ប្រទូសរាយ ចលាចលក្នុងប្រទេស ទើបលោកបាទសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រឥតងាកេរ ចាប់ពីថ្ងៃនេះរហូតតទៅ៕