(ភ្នំពេញ)៖ ទុក្ខលំបាករបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងនិវត្តន៍ជនជាដើម ជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ជាធម្មតារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ ដំឡើងប្រាក់បៀវត្សរ៍ ២ដងក្នុងមួយឆ្នាំ គឺដោយការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។
ជាពិសេសដើម្បីសម្រួលដល់ការចាយវាយ របស់ជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការបើកប្រាក់បៀវត្សរ៍២សប្តាហ៍ម្តង (ក្នុង១ខែបើក២ដង)។ លើសពីនេះ ក្រៅពីដំឡើងប្រាក់បៀវត្សរ៍ហើយនោះ ក៏បានផ្តល់ឧបត្ថម្ភបន្ថែម ៥ម៉ឺនរៀល ២ដងក្នុង១ឆ្នាំផងដែរ គឺឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការឧបត្ថម្ភនេះម្តងៗ រាជរដ្ឋាភិបាលត្រូវចំណាយ ប្រមាណជាង៧លានដុល្លារ។
ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២កន្លងទៅនេះ វិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលត្រូវសន្សំសំចៃថវិកា សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានខកខានដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ២ឆ្នាំជាប់គ្នា។
សម្រាប់ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចាប់ផ្តើមដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឡើងវិញ ដែលប្រាក់បៀវត្សទាបបំផុត ១លាន៣សែនរៀល។
ឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណជាង ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារអាមេរិក សម្រាប់ចំណាយបន្ទុកបុគ្គលិករដ្ឋ នៅក្នុងឆ្នាំ២០២៣ ដើម្បីដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីកងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់ខែអប្បបរមាជាង ១លាន១សែនរៀល ឱ្យដល់ជាង១លាន៣សែនរៀល ខណៈមន្រ្តីជាប់កិច្ចសន្យាឡើងដល់ ៧១ម៉ឺនរៀល ដើម្បីគាំទ្រដល់ជីវភាព មន្រ្តីរាជការ។
ចាប់ពីខែមករា ឆ្នាំ២០២៣ បៀវត្សអប្បបរមារបស់មន្ត្រីរាជការត្រូវបានដំឡើង៖
* បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល ត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល
* គ្រូបង្រៀន និង គ្រូពេទ្យ ត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល
* បៀវត្សនគរបាល (ពលបាលត្រី) ត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)
* បៀវត្សយោធិន (ពលទោ) ត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ៥០ប៊ីលានរៀល សម្រាប់មូលនិធិថែទាំសុខភាពជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។
ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ១៨១ ប៊ីលានរៀល សម្រាប់ការដំឡើង ប្រាក់សោធនអប្បបរមាប្រចាំខែ ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតប្រាក់សោធនរបស់និវត្តជន រវាងនិវត្តជនថ្មី និងនិវត្តជនចាស់។ ដូចនេះ ប្រាក់សោធនអប្បបរមាប្រចាំខែ របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) ត្រូវបានដំឡើងពី ៦៩ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ ២០២៣។
ដោយឡែកប្រាក់ឧបត្ថម្ភសម្រាប់មន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មានកំណើនដូចខាងក្រោម៖
* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ៥៧០ ០០០រៀល
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ១៩៥ ០០០រៀល
* ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៨៥ ០០០រៀល
* សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៧៩ ០០០រៀល
* ប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៤០ ០០០រៀល
* ទំនប់ទី១, ចៅសង្កាត់រងទី១ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៣០ ០០០រៀល
* ទំនប់ទី២, ចៅសង្កាត់រងទី២ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៨២០ ០០០រៀល
* មេភូមិ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៥១០ ០០០រៀល
* អនុប្រធានភូមិ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៩០ ០០០រៀល
* សមាជិកភូមិ ទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៦០ ០០០រៀល
រីឯកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ស្រ្តីក្រីក្រមានផ្ទៃពោះ និងកុមារតូច រដ្ឋបានគ្រោងថវិកា សម្រាប់ឧបត្ថម្ភពេលពិនិត្យផ្ទៃពោះចំនួន ៤លើក ដែលក្នុងមួយ១ លើកចំនួន ៤ម៉ឺនរៀល, ពេលសម្រាលកូននៅមណ្ឌលសុខភាព ឬពេទ្យជូន ២០ម៉ឺនរៀល។ ជាមួយគ្នានេះ រដ្ឋក៏ឧបត្ថម្ភ ១០លើកទៀត ពេលទៅទទួលថ្នាំបង្ការរហូតដល់កុមារអាយុ២ឆ្នាំ ដោយក្នុងមួយលើក៤ម៉ឺនរៀល។ ប៉ុន្តែកម្មវិធីនេះនឹងត្រូវឧបត្ថម្ភច្រើនជាងមុន ទ្វេដងចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។
ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាលនឹងកម្រិតប្រាក់ឧបត្ថម្ភថ្មី សម្រាប់កម្មករនិយោជិតជាស្រ្តី គឺទទួលការបើកផ្តល់ប្រាក់ ៨០ ០០០ រៀលក្នុង១ដង សម្រាប់ការពិនិត្យផ្ទៃពោះ មុនពេលសម្រាលចំនួន៤ដង និងក្រោយសម្រាលចំនួន ១០ដង រហូលដល់កូនមានអាយុ២ឆ្នាំ និងបើកផ្តល់ ៨០០ ០០០ រៀល សម្រាប់ការសម្រាលកូន១ និងបូកបន្ថែម ៤០០ ០០០ រៀល សម្រាប់កូនភ្លោះទី២ និងកូនភ្លោះទី៣ និងជាបន្តបន្ទាប់។
ជំរុញវិញការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបន្តដំឡើងបៀវត្សជូនបន្ថែមទៀត។
យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ និងការៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រឆ្នាំ២០២៤ បានបញ្ជាក់ថា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងចំណាយបន្ទុកបុគ្គលិក មានសមាមាត្រស្មើនឹង ៤១.៨ភាគរយ នៃចំណាយចរន្តថវិកាជាតិ ត្រូវជា ៧.៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយផ្តោតអាទិភាពលើការដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ បង្កើនផលិតភាពការងារ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដោយឈរលើគោលការណ៍សមធម៌ គុណាធិបតេយ្យ និងចីរភាពថវិកា៕