(ភ្នំពេញ)៖ យុវជនជំនាន់ក្រោយ គឺទាមទារឱ្យមានការតម្រង់ទិស និងការលើកទឹកចិត្តខ្លាំង នៅពេលពួកគេចង់ក្លាយខ្លួនជាសហគ្រិននាថ្ងៃអនាគតប្រកបដោយនិរន្តរភាព។ ហេតុនេះហើយ បានជាក្រុមការងារ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការរៀបចំសិក្ខាសាលាមួយ ស្តីពី « យុវជន, សហគ្រិនភាព និងបច្ចេកវិទ្យាបៃតង - Youth, Green Entrepreneurship and Technology» ដើម្បីបង្កើនការយល់ដឹង សម្រាប់និស្សិតទៅលើសហគ្រិនភាព និងបច្ចេកវិទ្យាបៃតង។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក កៀន តាក់ សាកលវិទ្យាធិការរង តំណាងលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅអគារ STEM។

នៅក្នុងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោក កៀន តាក់ បានលើកឡើងថា សិក្ខាសាលាស្តីពី « យុវជន, សហគ្រិនភាព និងបច្ចេកវិទ្យាបៃតង - Youth, Green Entrepreneurship and Technology» មិនមែនគ្រាន់តែជាព្រឹត្តិការណ៍អប់រំ សាមញ្ញនោះទេ តែវាតំណាងឱ្យការប្តេជ្ញាចិត្ត ទំនួលខុសត្រូវ និងបេសកកម្ម ដែលបានធ្វើ ដើម្បីឱ្យយុវជន ក្លាយជាសហគ្រិននៃថ្ងៃអនាគតប្រកបដោយនិរន្តរភាព។ លោកបន្តថា ជានិស្សិតដែលពោរពេញដោយសក្ដានុពលផងនោះ វត្តមានរបស់ពួកគេនៅទីនេះ ប្រៀបបីដូចជាការជួយពង្រីកក្តីសង្ឃឹមរបស់យើង សម្រាប់កសាងពិភពលោកឱ្យមានភាពបៃតង និងសុខភាពល្អ។

បើតាមលោក កៀន តាក់ យុគសម័យដែលយើងរស់នៅ ត្រូវបានសម្គាល់ដោយរបកគំហើញដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលផ្តល់នូវលទ្ធភាពដ៏ធំធេង។ លោកថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយ វាក៏បង្ហាញឱ្យយើងនូវបញ្ហាប្រឈមដ៏ខ្លាំងក្លាមួយផងដែរ ពោលគឺស្ថានភាពសុខភាពរបស់ភពផែនដីរបស់យើង។ ស្ថានភាព ពីរនេះ មើលទៅហាក់ដូចជាគួរឱ្យខ្លាច ប៉ុន្តែលោកចាត់ទុកវាជាឱកាសដ៏មានឥទ្ធិពល ពីព្រោះអ្នកដែលអង្គុយនៅទីនេះ មិនមែនគ្រាន់តែជានិស្សិតបច្ចុប្បន្ននេះទេ ប៉ុន្តែជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ សហគ្រិន និងអ្នកច្នៃប្រឌិត សម្រាប់ថ្ងៃអនាគត។

បន្ថែមពីលើនេះ លោកសាកលវិទ្យាធិការរង បានថ្លែងទៀតថា សិក្ខាសាលានេះ គឺជាការអំពាវនាវឱ្យកាន់តែច្បាស់សម្រាប់យើងម្នាក់ៗឱ្យគិតឡើងវិញ កំណត់ឡើងវិញ និងបង្កើតឡើងវិញនូវអត្ថន័យនៃភាពជាសហគ្រិននៅក្នុងសតវត្សទី២១។ នេះជាពេលបង្កើតអាជីវកម្ម ដែលមិនត្រឹមតែស្វែងរកប្រាក់ចំណេញប៉ុណ្ណោះទេ តែថែមទាំងការពារភពផែនដីរបស់យើងទៀតផង។ វាដល់ពេលដែលត្រូវស្វែងយល់ឱ្យស៊ីជម្រៅទៅក្នុងបច្ចេកវិទ្យា មិនត្រឹមតែជាឧបករណ៍សម្រាប់បង្កើតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយមួយក្នុងការបែងចែករវាងការរីកចម្រើន និងការរីកចម្រើនប្រកបដោយនិរន្តរភាព។

លោកបន្តថា សហគ្រិនភាពបៃតង មិនមែនគ្រាន់តែជាផ្លូវមួយប៉ុណ្ណោះទេ វាជាទស្សនវិជ្ជាណែនាំ។ វានឹងចូលរួមក្នុងការបង្កើតប្រព័ន្ធសេដ្ឋកិច្ចដែលរស់រវើក ដែលមានគំនិតច្នៃប្រឌិត និងការគោរពចំពោះបរិស្ថាន។

ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិត Sarah Hsu អគ្គនាយិកាក្រុមហ៊ុន High-Tek Financial Cambodia Co., ltd ជាវាគ្មិនម្នាក់ក្នុងសិក្ខាសាលានេះ បានថ្លែងថា យុវជន គឺជាក្តីសង្ឃឹមនៃថ្ងៃអនាគត ហើយយើងត្រូវការពួកគាត់ឱ្យចូលរួម ដើម្បីកសាងសហគមន៍ល្អមួយ សម្រាប់ប្រជាជនកម្ពុជា។ លោកស្រីបណ្ឌិត បានអះអាងថា លោកស្រីនឹងបន្តគាំទ្រសិក្ខាសាលាបែបនេះទៀត នៅថ្ងៃខាងមុខ ដើម្បីកសាង យុវជន ឱ្យកាន់តែមានភាពស្វាហាប់ ក្នុងការក្លាយខ្លួនជាសហគ្រិន នៃថ្ងៃអនាគតប្រកបដោយនិរន្តរភាព៕