(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បាននាំអ្នកជំនាញកសិកម្មរបស់ខ្លួន ចូលជួបពិភាក្សាការងារជាមួយ លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក និងសិក្សាទីតាំងក្នុងភូមិរុនតាឯក ដើម្បីធ្វើកសិកម្ម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
ការចុះត្រួតពិនិត្យទីតាំងនៅពេលនេះ គឺអនុលោមតាមអនុស្សរណៈយោគយល់គ្នារវាងភាគីចិន ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ជាលក្ខណៈផ្ទះកញ្ចក់។ គម្រោងនេះជាផ្នែកមួយនៃគម្រោង CAPROC ដែលរដ្ឋាភិបាលចិន សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់វិស័យកសិកម្ម នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀតនៅកម្ពុជា។
លោក Lan Tian Hoa ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ ការជ្រើសរើសយករុនតាឯកជាគោលដៅបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ក៏ព្រោះទីនេះមានផ្ទៃដីធំទូលាយ និងមានភាពអនុគ្រោះចំពោះការធ្វើកសិកម្មផង។ ពួកយើងបានសិក្សាលើទីតាំង ពិភាក្សាអំពីការធ្វើផ្ទះកញ្ចក់ (ប្រវែង កម្ពស់ ពណ៌) ប្រព័ន្ធទឹក កន្លែងស្តុកទឹក លក្ខខណ្ឌក្នុងការធ្វើកសិកម្ម ការរកកម្មករ និងជួបជាមួយអ្នកជំនាញកសិកម្មខ្មែរ ដើម្បីឈ្វេងយល់បន្ថែមពីការធ្វើកសិកម្មនៅភូមិធម្មជាតិរុនតាឯកកន្លងមក។ យើងធ្វើនេះដើម្បីធ្វើជាគំរូដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯកផង ដើម្បីពាណិជ្ជកម្មផង ក៏ដូចជាជួយអភិវឌ្ឍទីនេះឱ្យជាក្លាយជាកន្លែងកសិកម្មដ៏ល្បីផងដែរ។
លោក ម៉ី ម៉ារ៉ាឌី បានបញ្ជាក់ថា ការចុះមកសិក្សាទីតាំងនេះ គឺដើម្បីពិនិត្យមើលលទ្ធភាពនិងរកវិធីជួយប្រជាជននៅភូមិធម្មជាតិរុនតាឯកឱ្យកាន់តែមានសេដ្ឋកិច្ចល្អប្រសើរតាមរយៈការធ្វើកសិកម្ម។ ការបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ក៏នឹងនាំផលល្អដល់ប្រជាជននៅទីនេះឱ្យកាន់តែមានជំនាញធ្វើកសិកម្មផងដែរ ព្រោះគាត់បានទទួលបច្ចេកទេសថ្មីពីអ្នកជំនាញចិនបន្ថែមពីអ្នកជំនាញផ្សេងៗ។ មួយវិញទៀត គាត់ក៏អាចរកកម្រៃបានតាមរយៈការងារក្នុងកសិដ្ឋាននេះដូចគ្នា។ ក្រៅពីនោះ តាមរយៈការធ្វើកសិកម្មផ្ទះកញ្ចក់គំរូនេះ ក៏នឹងជួយទាក់ទាញទេសចរជាតិ-អន្តរជាតិឱ្យចូលមកទស្សនាតំបន់រុនតាឯក ក៏ដូចជាឧទ្យានអង្គរបានកាន់តែច្រើនផងដែរ៕