(កណ្តាល)៖ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) បាននិមន្តនាំយកនូវភេសជ្ជៈ មាន ទឹកបរិសុទ្ធចំនួន ១៥ កេស ទឹកក្រូចចំនួន ១០កេស មីចំនួន១៥កេស និងបច្ច័យចំនួន ១,០០០,០០០រៀល ឧបត្ថម្ភដល់គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការឧបត្ថម្ភកាលពីចុងសប្តាហ៍នេះ ដើម្បីគាំទ្រយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕