(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានបន្តចុះមូលដ្ឋានជួបសួរសុខទុក្ខ សមាជិកបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំជិត៣០០នាក់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបន្តថា សមិទ្ធិផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ដូចនេះយើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
លោក ឃឹង នុភាព បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀង ទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធិផលនានា បន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់របស់គណបក្សប្រជាជនកម្ពុជា៕