(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការងារអនុគណៈកម្មការប្រតិកម្មនិងវាយបកខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារគ្រប់ថ្នាក់នៃអនុគណៈកម្មការប្រតិកម្មនិងវាយបកខេត្ត-ស្រុក-ក្រុង។

ក្រោយពីស្តាប់របាយការណ៍ការងារអនុគណៈកម្មការប្រតិកម្មនិងវាយបកខេត្តរួចមក ឧបនាយករដ្ឋមន្ត្រី បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារតាមការចាត់តាំងនៃអនុគណៈកម្មការប្រតិកម្មនិងវាយបកខេត្ត ផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋប្រឆាំងរាល់ការឃោសនាអកុសលវាយប្រហារ បំភ្លៃការពិតមកលើគណបក្សក៏ដូចជារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពីសំណាក់ក្រុមអគតិ អមិត្ត។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់នូវអនុសាសន៍ណែនាំថ្នាក់ដឹកនាំសមាជិកនៃអនុគណៈកម្មការប្រតិកម្ម និងវាយបកខេត្ត ក្រុង ស្រុក បន្តចុះអនុវត្តគ្រប់ឃុំ សង្កាត់ ដើម្បីប្រមូលព័ត៌មាន វិភាគព័ត៌មាន ផ្សព្វផ្សាយព័ត៌មានពិត កៀរគរ បញ្ចុះបញ្ចូល សុខដុមនីយកម្មប្រមូលគ្រប់និន្នាការប្រឆាំងឱ្យផ្លាស់ប្តូរជំហរឆន្ទះមកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីរួមគ្នាជួយកសាងមូលដ្ឋានឱ្យមានការរីកចម្រើន៕