(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១៨៤៣បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ឃុំ មានឃុំត្បូងក្រពើ និងឃុំកកោះ ៥ភូមិ ស្មើនឹង៩២២គ្រួសារ នៅស្រុកសន្ទុក។
នាឱកាសនោះ លោក ងួន រតនៈ បានថ្លែងថា ការចុះធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ មានការស្មុគស្មាញ ហើយមន្ត្រីជំនាញទាំងអស់ធ្វើការងារដោយប្រុងប្រយ័ត្ន ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ឱ្យពួកគាត់ប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។
លោកបញ្ជាក់ទៀតថា បណ្ណកម្មសិទ្ធិនេះ ផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីជាក់ស្តែង មិនមានការភ័យខ្លាច។
លោកអភិបាលខេត្ត បានបន្តទៀតថា ការធ្វើបណ្ណកម្មសិទ្ធិធីធ្លីនេះ គឺជាគោលនយោបាយដីធ្លី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុតលើ ដំណើរការចុះបញ្ជីដីធ្លីនៅគ្រប់រាជធានី ខេត្តទាំងអស់ ក្នុងនោះក៏មានខេត្តកំពង់ធំ ដើម្បីធានាសេចក្តីសុខសុវត្ថិភាពដីធ្លី ហើយការធ្វើប្លង់ដីលក្ខណៈផ្ដល់អំណោយផ្តាច់ពីឪពុកម្ដាយទៅកូន គឺមិនមានការបង់ប្រាក់នោះទេ។
លោក ងួន រតនៈ បានលើកឡើងថា បញ្ហាដីធ្លីនេះ ជាបញ្ហាមួយដែលលំបាកស្មុគស្មាញដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានជម្លោះដីធ្លីរ៉ាំរ៉ៃដែលយន្តការនេះនៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាម យុទ្ធសាស្ត្រឈ្នះឈ្នះ មានន័យថាយើងឈ្នះទាំងអស់គ្នា ហើយយន្តការនេះនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ដើម្បីប្រែក្លាយទៅជាតំបន់មួយជាតំបន់ដែលមានសន្តិភាពដីធ្លី។
ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានទទួលនូវប្លង់កម្មសិទ្ធិស្របច្បាប់ច្បាស់លាស់មិនមានការភ័យខ្លាចនូវការដករហូត ឬក៏មានការទន្ទ្រានពីអ្នកជាប់ព្រំ ឬក៏ការរំលោភបំពានពីអ្នកណាម្នាក់នោះឡើយ ហើយប្រជាពលរដ្ឋថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ជូនដីដោយស្របច្បាប់នេះ និងសន្យាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ហើយបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ៕