(សៀមរាប)៖ តាំងពីដើមខែមិថុនាមក គឺចាប់ពីពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានសម្រុកដាំដើមឈើជាបន្តបន្ទាប់ទាំងក្នុង និងក្រៅរមណីយដ្ឋានអង្គរ។ គិតមកទល់នឹងចុងខែកក្កដានេះ មានកូនឈើជាង៣ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងរមណីយដ្ឋានអង្គរ។ មុននឹងផុតរដូវភ្លៀងនៅចុងកញ្ញាឬដើមខែតុលា នាយកដ្ឋានជំនាញគ្រប់គ្រងព្រៃឈើមួយនេះប្តេជ្ញាដាំកូនឈើឲ្យបានយ៉ាងតិច៣ម៉ឺនដើមទៀត។
ក្នុងពិធីដាំកូនឈើ៥ពាន់ដើមនៅចន្លោះភូមិអារក្សស្វាយ និងភូមិអញ្ចាញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើម ក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះជាបណ្តើរៗ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។
លោក និន ចាន់សាមៀន បន្ថែមថា សម្រាប់ឆ្នាំ២០១៦នេះ ក្រុមអង្កេតផ្ទៃដីទំនេរសម្រាប់ដាំដើមឈើបាន មានចំនួន៩០ហិកតា ក្នុងនោះ៦០ហិកតាគឺសម្រាប់ថ្នាក់ដឹកនាំ និងគណៈប្រតិភូជាតិ និងអន្តរជាតិដាំក្នុងពេលប្រារព្ធពិធីម្តងៗ ចំណែក៣០ហិកតាទៀត សម្រាប់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំតាមស្ថានភាពជាក់ស្តែង។ «ផ្ទៃដីទំនេរដែលអាចដាំដើមឈើបាន មិនមែនមានន័យថា អត់ដើមឈើសោះនោះទេ ជាក់ស្តែង ពិធីដាំក្នុងថ្ងៃនេះ គឺយើងដាំឆ្លោះៗ តាមចន្លោះណាដែលមិនមានដើមឈើ ដើម្បីបង្កើតគម្របព្រៃឈើ កុំឲ្យមានចន្លោះដីទំនេរ»។
ដោយនិយាយពីការថែទាំវិញ លោក សាមៀន បញ្ជាក់ថា ដើមឈើដែលយើងបានដាំនៅចន្លោះព្រៃដែលមានស្រាប់ យើងមិនអាចចូលឡានមកស្រោចបានទេ ដូច្នេះទើបយើងជ្រើសរើសកូនឈើដែលអាចរស់បានដោយមិនចាំបាច់ស្រោច។ ចំណែកកូនឈើមួយចំនួនទៀត ដែលត្រូវការស្រោចទឹកច្រើន យើងដាំនៅតាមមាត់ផ្លូវ ទីធ្លាដែលឡានអាចចូលទៅស្រោចបាននៅរដូវប្រាំង។ តែទោះជាយ៉ាងណា ប្រធាននាយកដ្ឋានរូបនេះអះអាងថា ដើមឈើដែលបានដាំជារៀងរាល់ឆ្នាំអាចរស់បានចន្លោះពី៧០ទៅ៨០%ប៉ុណ្ណោះ។ បញ្ហាមិនមែនដោយសារអាកាសធាតុតែម្យ៉ាងទេ តែក៏បណ្តាលមកពីប្រជាពលរដ្ឋខ្លះដែលមិនបានយល់ ព្រលែងគោក្របីទៅជាន់ ឬចងគោនឹងកូនឈើដែលទើបដាំក៏មានដែរ។ ក្នុងន័យនេះ លោកក៏បានអំពាវនាវ ឲ្យប្រជាពរលដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមដាំនិង ថែរក្សាទាំងអស់គ្នា ព្រោះមិនអាចនរណាម្នាក់ ឬស្ថាប័នណាមួយធ្វើបាន ដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននោះឡើយ។
សូមបញ្ជាក់ថា ក្នុងពិធីដាំកូនឈើព្រឹកមិញនេះ តាមលោក សូ សារ៉ម ប្រធានការិយាល័យដាំឈើ ឲ្យដឹងថា មានសិស្សានុសិស្សមកពីអនុវិទ្យាល័យស្រះស្រង់ចំនួន១៥០នាក់ ប្រជាពលរដ្ឋមកពីសង្កាត់នគរធំ១០០នាក់ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា១០០នាក់។ ពិធីដាំកូនឈើនេះ បានដាំលើផ្ទៃដី២៥ហិកតា តាមចន្លោះដីព្រៃដែលទំនេរ ដែលមានប្រភេទឈើបេង កកោះ ធ្នង់ គ្រញូង គគីរ និងរំដួល សរុប ៥០០០ដើម៕