(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់បណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ប្រមាណ១០០នាក់។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត លោក លោកស្រី ដែលជាគណៈអភិបាលក្រុង/ស្រុក ប្រធានមន្ទីរ អនុប្រធានមន្ទីរ ជាច្រើនខេត្តជាច្រើនរូប។
បន្ទាប់ពីលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលការងារសុខាភិបាលរួចមក លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរ មន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងធានា បាននូវការផ្តល់សេវាសុខភាពជាសារវ័ន្ត ទោះបីជាខេត្តស្ទឹងត្រែង ក៏មានការផ្ទុះនៃជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា នៅទូទាំងប្រទេសបានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩ សំខាន់លើវិស័យជាច្រើន។
លោក ស្វាយ សំអ៊ាង ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតី បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។
ម៉្យាងទៀតថ្មីៗនេះកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់និងនៅលើសកលលោក។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅ ពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យបានគង់វង្ស សម្រាមកូនចៅជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង ក៏បានក្រើនរំលឹកដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ ត្រូវគោរពនូវក្រមសីលធម៌របស់គ្រូពេទ្យ ចំពោះប្រជាពលរដ្ឋចូលមកទទួលសេវា និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕