(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋចំនួន ៣៥២នាក់ ក្នុងភូមិសំពៅមាស ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់សមាជិកាគណបក្ស និងប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់ដើម្បីទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។

លោកស្រីបានបន្តថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេច មានទស្សនៈវិស័យ វែងឆ្ងាយ ក្នុងការគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវជំងឺកូវីដ១៩ និងសូមឱ្យប្រជាពលរដ្ឋមានជំហរច្បាស់លាស់ សម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។

លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍ៕