(ភ្នំពេញ)៖ លោកស្រី ផាន់ វណ្ណា អាយុ៨៨ឆ្នាំ ត្រូវជាភរិយាលោក មាស សំណាង អតីតរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម ឆ្នាំ១៩៨៤ កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយស្ថិតក្រោមការមើលថែពីសំណាក់ក្រុមគ្រូពេទ្យ ដោយតែជំងឺសួតរ៉ាំរ៉ៃ និងក្រពះ ហើយគួបផ្សំជាមួយស្ថានភាពចាស់ជរាផងដែរ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News កូនចៅរបស់លោក មាស សំណាង អតីតរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម ដែលធ្លាប់ធ្វើការបម្រើសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះប្រពន្ធរបស់លោក មាស សំណាង កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។
បើទោះបីធ្លាក់ខ្លួនឈឺក៏ពិតមែន ប៉ុន្ដែលោកយាយ ផាន់ វណ្ណា នៅតែផ្ដាំដល់កូនចៅរបស់ខ្លួនដាច់ខាតត្រូវតែបន្ដបម្រើ និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ជាពិសេសក្នុងអំឡុងពេលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ កាន់តែខិតចូលមកដល់នេះ លោកយាយ នៅតែរំលឹកកូនចៅត្រូវតែបន្ដបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
តាមការរៀបរាប់របស់ក្រុមគ្រួសារ, កាលពីលោក មាស សំណាង នៅមានជន្មាយុក្នុងតួនាទីជារដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មនោះ ក៏ធ្លាប់ជាមនុស្សម្នាក់ដែលនៅជាប់សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស ហើយតែងតែអមដំណើរសម្ដេចនៅពេលទៅបំពេញបេសកកម្មនៅក្រៅប្រទេសជារឿយៗផងដែរ។
សូម្បីតែលោកយាយ ផាន់ វណ្ណា រៀបអាពាហ៍ពិពាហ៍ជាមួយលោក មាស សំណាង ពេលនោះក៏សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ផងដែរ។
ដោយសារតែក្ដីគោរពស្រលាញ់ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនោះ, លោកយាយ ផាន់ វណ្ណា ក្នុងជីវិតចុងក្រោយនៅមិនទាន់សម្រេចបំណងរបស់ខ្លួន ដើម្បីមានឱកាសជំរាបលាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ ពោលលោកយាយតែងតែបង្ហាញបំណងឲ្យកូនចៅដឹងរាល់ថ្ងៃថា លោកយាយចង់ជួបដោយផ្ទាល់ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
គួរជម្រាបថា លោក មាស សំណាង អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ឆ្នាំ១៩៨៤ បានទទួលមរណភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៣៕
លេខទូរស័ព្ទទំនាក់ទំនងក្រុមគ្រួសារលោកយាយ ផាន់ វណ្ណា៖ 089 29 12 11, 078 371 936