(ភ្នំពេញ)៖ «អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម» ជាទឡ្ហីករណ៍ដែលបានគូសរំលេចពីទំនាក់ទំនងការទូតជាប្រពៃណី រវាងកម្ពុជានិងចិនដែលមានតាំងពីសតវត្សរ៍ទី៣តាមរយៈអត្ថបទសំណេររបស់លោក កាំង ថៃ និងលោក ជូ យីង ហើយត្រូវបានប្រវត្តិវិទូនានានៅទូទាំងពិភពលោកសុទ្ធតែបានយល់ស្របគ្នា។ លើសពីនេះប្រវត្តិវិទូក្នុងលោកក៏បានឯកភាពពីកំណត់ហេតុ នាសតវត្សរ៍ទី១៣របស់លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីទំនៀមទម្លាប់អ្នកស្រុកចេនឡាដែលបានឆ្លុះបញ្ចាំង ពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជានិងចិន។ ស្នាដៃនៃកំណត់ហេតុនេះត្រូវបានបកប្រែពីភាសាចិនទៅជាភាសានានា ជាច្រើនដើម្បីចូលរួមចែករំលែកកាន់តែទូលំទូលាយ ពីពុទ្ធិមហាសាលនៃគំរូភាពទំនាក់ទំនងមិត្តភាពកម្ពុជានិងចិន។
«ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំដុះ» ជាភាសិតដែលមានតម្លៃសច្ចធម៌សម្រាប់យល់ដឹងកាន់តែច្បាស់ ពីទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដោយបានផ្តួចផ្តើមឡើង ដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក Mao Zedong ហើយត្រូវបានបន្តពូនជ្រុំយ៉ាងរឹងមាំនិងខ្លាំងក្លាក្នុងនាម ជាមិត្តដែកថែបក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Xi Jinping ប្រធានរដ្ឋចិន។ ក្រោមទម្រដ៏រឹងមាំនៃទំនាក់ទំនងការទូតនិងក្នុងក្របខណ្ឌទ្វេភាគី កម្ពុជានិងចិនបានខិតខំលើកកម្ពស់ កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូល ក្លាយជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមស្តីពី ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨) ដែលនាំឱ្យប្រទេសទាំងពីរទទួលបានផ្លែផ្កាជាច្រើនមហិមា។
«ផ្លូវឆ្ងាយដឹងកម្លាំងសេះ ពេលវេលាដឹងចិត្តមនុស្ស» ជាទស្សនៈប្រកបដោយនិយាមគរុសភាក្នុងការផ្តល់តម្លៃដ៏សំខាន់ នៃមិត្តភាពជាក់ស្តែងរយៈពេល៣ឆ្នាំដែលកម្ពុជាទទួលបាន ជ័យជម្នះលើសមរភូមិកូវីដ-១៩ពិតជាមិនអាចខ្វះបាន នូវចំណែកដ៏ធំធេងរបស់មិត្តចិន ហើយបន្ថែមពីលើនេះថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ ការអភិវឌ្ឍរួមតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ពិភពលោកបានមើលឃើញយ៉ាងច្បាស់ពី ការចូលរួមយ៉ាងសកម្មរបស់ចិនតាមរយៈ ការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេស ការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល» និង «គំនិតផ្តួចផ្តើមសន្តិសុខសកល» បាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចបាននូវរបៀបវារៈរបស់ អង្គការសហប្រជាជាតិឆ្នាំ២០៣០។
«រួមចិត្ត រួមកម្លាំងគ្នា បើទោះបីជាភ្នំថៃសានក៏អាចរំកិលបានដែរ» ជាគំនិតសន្ទុះវិជ្ជមានដ៏អស្ចារ្យដែលបានឆ្លុះបញ្ចាំង ពីសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិនរំលេចចេញនូវគំរូភាព នៃការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដែលបាននិងកំពុងបន្តបង្កើតសមិទ្ធផលផ្លែផ្កាជាច្រើនបន្ថែមទៀត និងបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាជាតិប្រទេសយើងទាំងពីរ ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ អំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ដែលបានលើកឡើងយ៉ាងច្បាស់ថាចិននិងកម្ពុជាត្រូវតែបង្កើត ជាសហគមន៍វាសនារួមដែលជួយគ្នាទៅវិញទៅមក។ នាក្នុងខែតុលា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping មកកាន់ប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានកំណត់អំពីការជំរុញ ភាពចាំបាច់និងសារៈសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង ថែមមួយកម្រិតទៀតនូវទំនាក់ទំនងកម្ពុជានិងចិន។ កាលពីខែមេសា ឆ្នាំ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើផែនការ សកម្មភាពកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន ហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រទេសទាំងពីរបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន ក្នុងយុគសម័យថ្មីក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ។
ជារួមគិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះគឺជាខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជានិងចិន គឺជាអ្នកជិតខាងល្អនិងជាមិត្តពិតប្រាកដដែលស្គាល់ចិត្តគ្នាទៅវិញទៅមក ជាអ្នកត្រួសត្រាយនិងជាអ្នកអនុវត្តជាគំរូក្នុងការកសាង សហគមន៍វាសនារួមនៃមនុស្សជាតិ ហើយបន្ថែមពីលើនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើងទាំងពីរ កិច្ចកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន ដែលប្រកបដោយគុណភាពនិងស្ដង់ដារកម្រិតខ្ពស់ ក្នុងយុគសម័យថ្មីនឹងបន្តលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ មានស្ថិរភាពដែលបានជំរុញល្បឿនទំនាក់ទំនង រវាងប្រទេសទាំងពីរក្នុងរយៈពេល៦៥ឆ្នាំមកនេះបានទទួលការអភិវឌ្ឍយ៉ាងច្រើនអនេក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន