(ភ្នំពេញ)៖ ខ្ញុំមានការសោកស្ដាយរួម និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ លោកស្រី អេលីហ្សាប៊ែត បេគឃើរ ដែលសម្ដែងមតិហាក់ដូចជា យល់ដឹងច្បាស់លាស់អំពីស្ថានការណ៍ សង្គម និងនយោបាយកម្ពុជាបច្ចុប្បន្នពិតប្រាកដ។
នេះជាការកំសាករបស់លោកស្រី ទាំងសកម្មភាពរៀបចំកិច្ចប្រជុំ ធ្វើការវាយតម្លៃលើស្ថានភាពបច្ចុប្បន្នកម្ពុជា ដែលធ្វើតែជាមួយក្រុមក្លែងអត្តសញ្ញាណ យកអង្គការមិនមែនរដ្ឋាភិបាល ជាតួអង្គបំភ័ន្ត មតិសាធារណជន ហើយជាក្រុមពិតប្រាកដ សម្ព័ន្ធប្រឆាំងជាមួយ និងរាជរដ្ឋាភិបាលស្របច្បាប់ និងតំណាងឆន្ទៈមហាជនកម្ពុជា ដែលគេមានសកម្មភាពយ៉ាងសកម្ម នៅសហរដ្ឋអាមេរិក ក្នុងប្រឆាំងនឹងរាជរដ្ឋាភិបាល។
លោកស្រី អេលីហ្សាប៊ែត បេគឃើរ ដែលបានលើកឡើងថា «ការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ (ប្រាកដថាឯករាជ្យមែនឬ?) ដ៏មានវោហារ គឺដោយសារលោកចូលរួមចំណែកខ្លាំងក្នុងការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស លោក កែម ឡី ដែលជាអ្នកវិភាគ និងជាបញ្ញវ័ន្តខ្មែរមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ។ ភ្លាមៗនោះពលរដ្ឋក្នុងប្រទេសសន្និដ្ឋានថា ឃាតកម្មលើលោក កែម ឡី បញ្ជាដោយរដ្ឋាភិបាលលោក ហ៊ុន សែន។ មនុស្សមានជាច្រើន បាននាំគ្នាទៅគោរពសព លោក កែម ឡី។ នៅថ្ងៃហែរសពកាលពីថ្ងៃអាទិត្យរដ្ឋាភិបាលបាន បង្ហាញការព្រួយបារម្មណ៍ ជាខ្លាំងពីការងើប បះបោររបស់មហាជន»។
ការលើកឡើងនេះជាការបំពានរួចជាស្រេចហើយ ក្នុងការបង្ហាញនូវគំនិតមិនថ្លៃថ្នូរ និង អុចអាលដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការគិត និងបង្កសកម្មភាពប្រឆាំង ជាមួយនឹងរាជរដ្ឋាភិបាលខ្មែរ ជាមួយភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការបង្កើតឲ្យមានបុរេវិនិច្ឆ័យខុសដ៏អាក្រក់ ប៉ះពាល់ដល់សមត្ថកិច្ច ដែលកំពុងស្រាវជ្រាវអំពើឃាតកម្មនេះ។
ខ្ញុំយល់ផងដែរថា មានតែអ្នកធ្វើអាជីវកម្មលើសពលោក កែម ឡី ដែលទទួលបានផលប្រយោជន៍នយោបាយ ឬមុខមាត់ នៅក្នុងសង្គមនោះទេ គឺជាអ្នកចង់ បានឱកាស និងផលចំណេញចេញពីការបាត់បង់ជីវិតរបស់លោក កែម ឡី ពិតប្រាកដនេះ គឺផ្ទុយស្រឡះពីពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលរបស់គេ ដែលបាន សម្ដែងការថ្កោលទោស និងសោកស្ដាយយ៉ាងខ្លាំង ជាមួយនិងកិច្ចចូលរួមមរណៈទុក្ខ ជាមួយគ្រួសារសព។ ចំពោះការចោទប្រកាន់ថា បានបញ្ជូនរថក្រោះ ជាច្រើនគ្រឿងចូលទីក្រុង និងបញ្ជូនឲ្យសមត្ថកិច្ច បិទស្ថានីយ៍ចាក់សាំងទាំងអស់ នៅក្នុងទីក្រុង ដើម្បីរារាំងមិនឲ្យមនុស្សចូលរួមក្បួនហែរសព និងបានហាមរាល់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ មិនឲ្យផ្សាយអំពី ព្រឹត្តិការណ៍ហែរសពនោះទៀត ។
គឺវាជារឿងអាម៉ាសដ៏ពិតប្រាកដមួយ របស់លោកស្រី ដែលលោកពុំទទួលបានព័ត៌មានពិត ក្រៅតែមានចិត្តអាក្រក់ និងលំអៀង ដើម្បីធ្វើការចោទប្រកាន់ លាបពណ៌ ដែលស្ថិតនៅក្នុងខួរក្បាលរបស់លោកស្រីស្រាប់ បង្កើតបានជាបុរេវិនិច្ឆ័យជាអចិន្រ្តៃយ៍ គឺជាប្រភពនៃការបញ្ចេញយោបល់ ដែលជាផលប្រយោជន៍ ផ្ទាល់ខុសពីការពិតទាំងស្រុង។ នៅក្នុងសាច់រឿងនេះ ក្រសួងការពារជាតិ បានជម្រាបព័ត៌មាន នៃការចល័តរថក្រោះសង្គ្រាមរបស់យោធានេះ ដល់មហាជនកម្ពុជារួចហើយ គឺជាប្រក្រតីភាព នៃការវិលត្រលប់របស់កងរថក្រោះសង្គ្រាមនេះ ចូលមកកាន់មូលដ្ឋានដើមរបស់គេវិញ។ ចំពោះប្រជាពលរដ្ឋកម្ពុជា គ្មានអ្វីភ្ញាក់ផ្អើលចំពោះការចល័តរថក្រោះសង្រ្គាមនោះទេ ក្រៅតែពីក្រុមប្រឆាំង និងរាជរដ្ឋាភិបាល ដែលបំផុស និងញុំងញង់ដល់ប្រជាពលរដ្ឋខ្មែរ ចំពោះព្រឹត្តិការណ៍នេះ ហើយរថក្រោះសង្គ្រាមទាំងនោះ គឺមិនមែនប្រើប្រាស់ក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់ សាធារណៈនោះឡើយ ដែលខុសពីរថពាសដែក ដែលនគរបាលតែងតែបានប្រើប្រាស់ក្នុងកិច្ចការនេះ។
រីឯការចោទប្រកាន់ថា មានការបិទស្ថានីយ៍ ចាក់សាំងក្នុងទីក្រុងមិនឲ្យមនុស្សចូលរួមក្បួនហែរសពនោះ គឺជាការចោទប្រកាន់គ្មាន មូលដ្ឋានពិត អាស្រ័យដោយក្បួនដង្ហែរសពនោះប្រព្រឹត្តទៅបានដោយរលូន ដោយគ្មានឧបសគ្គអ្វី ដែលជាហេតុផលចេញពីប្រេងឥទ្ធនៈនោះឡើយ ក៏ប៉ុន្តែដោយឡែក វិធានរបស់សម្ថកិច្ច គឺជាការបង្ការនិង ទប់ស្កាត់មិនឲ្យមានអ្វីដែលជាឧបសគ្គដែលរាប់ទាំងសុវត្ថិភាពសាធារណៈ នៅក្នុងកម្មវិធីពិសេសនេះ។ រាប់ទាំងសម្ថកិច្ចរាប់ពាន់នាក់ ដែលជាអ្នកផ្ដល់សេវាកម្មសន្តិសុខនោះ គឺជាភារកិច្ច និងកាតព្វកិច្ចរបស់រដ្ឋ។ នោះបើសិនវាមានអ្វីកើតឡើងជាយថាហេតុ នៅពេលហែរសពនោះ ខ្ញុំជឿច្បាស់ណាស់ថា លោកស្រី រិតតែឆក់ឱកាសយកមូលហេតុនេះ ក្នុងការវាយប្រហារ ឬប្រឆាំងរាជរដ្ឋាភិបាល លើសពីការបរិហារ ដែលលោកស្រី បានចោទប្រកាន់ និងប្រមាថមកលើរាជរដ្ឋាភិបាលកម្ពុជារួចមកហើយនេះ គឺយើងខ្ញុំមិនអាចទទួលយកបាននោះទេ។ ចំពោះ ការចាក់ផ្សាយរូបភាព នៃពិធីដង្ហែសពនោះ (ទទក) ក៏បានថត និងផ្ដិតយករូបភាពផ្សព្វផ្សាយជាសាធារណៈផងដែរ គឺមហាជនខ្មែរបានឃើញនិងដឹង ដែលផ្ទុយពីលោកស្រី ទទួលបានព័ត៌មានស្អុយ និងប្រឌិតបំភ័ន្តពីក្រុម ឬបក្សពួករបស់លោកស្រី។
ក្រៅពីក្រុមប្រឆាំងដែលរួមទាំងលោកស្រីផងដែរ ដែលបានធ្វើមិនដឹងមិនលឺ រឿងនោះគឺគួរឲ្យខ្មាស់អៀន។ ចំពោះរឿងភៀសខ្លួននោះ គឺជាជម្រើសផ្ទាល់របស់ ពួកគេរដ្ឋាភិបាលកម្ពុជា គ្មានសិទ្ធិឃាត់ឃាំង ពួកទាំងនោះទេ ទុកឲ្យអង្គការសហប្រជាជាតិជាអ្នកវាយតម្លៃទៅចុះ ហើយបុគ្គលទាំងនោះគួរ ឬ មានកាតព្វកិច្ចចូលរួមជាមួយអាជ្ញាធរកម្ពុជា ដើម្បីសហការស្វែងរកក្រុម ឬជននៅពីក្រោយខ្នង នៃអំពើឃាតកម្មនេះ នោះបើសិនភក្តីភាព និងសុច្ចរិត ចំពោះការគោរពសពលោក កែម ឡី។
ការចោទប្រកាន់ដែលថា មានការរំលោភសិទ្ធិធ្ងន់ធ្ងរទាំងនេះហើយ គឺការបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងភ្នំពេញបានទាត់ចោលយន្តការ និងស្មារតីនៃកិច្ច ព្រមព្រៀងទីក្រុង ប៉ារីសនោះទៅហើយ។ ហើយក៏បានលើកឡើងបន្ថែមថា «មានការរិតត្បិតនិងធ្វើទុក្ខបុកម្នេញដល់ គណបក្សប្រឆាំង ការឃុំខ្លួនអ្នកទោសនយោបាយដ៏ច្រើនសន្ធឹកសន្ធាប់ និងអំពើហិង្សានយោបាយ ទៅក្រុមអ្នករិះគន់រដ្ឋាភិបាល»។
នេះគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងប្រឌិតយ៉ាងអាក្រក់ដោយគ្មានភាពខ្មាស់អៀន ដែលយើងខ្ញុំពុំអាចទទួលយកបានឡើយ ដោយសារលោកស្រី អេលីហ្សាប៊ែត បេគឃើរ និងលោក វ៉លធើ ឡមែន (Walter Lohman) ពុំបាននិយាយ ឬបង្ហាញនូវការយល់ដឹងអំពីអង្គហេតុ អ្វីដែលជនទាំងនោះ ទទួលបានការចោទប្រកាន់ ជាមួយនឹងការមិនឆ្លើយតបចំពោះនីតិវិធីរបស់តុលាការ។
សូមជម្រាបសារជាថ្មីថា៖ កម្ពុជាពុំមាន អ្នកទោសជាប់គុក ដោយសារការធ្វើនយោបាយនោះទេ ក៏ប៉ុន្តែមានតែអ្នកនយោបាយទាំងនោះទេ ជាប់គុកដោយ សកម្មភាពរំលោភ និងបំពានច្បាប់។ ខ្ញុំសង្ឃឹមថាលោក លោកស្រី ទាំងពីរ រួមទាំងអ្នកធ្វើសារព័ត៌មានអោយវិទ្យុអាស៊ីសេរីច្បាស់ជារួមចំណែកជាមួយកម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋ ជាមួយនឹងកិច្ចថែរក្សា ភាពក្សេមក្សាន្តរបស់កម្ពុជា។ ហើយខ្ញុំយល់ថា អស់លោកទាំងអស់ បោះបង់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដើម្បីផលប្រយោជន៍សាធារណជន ហើយខ្ញុំក៏មិនជឿថា អស់លោកគឺមិនមែនជាសត្រូវនឹងកម្ពុជានោះទេ។ កម្ពុជាសព្វថ្ងៃគឺមានបទពិសោធន៍របស់ខ្លួន ក្នុងការទទួលបានភាពរីករាយណាស់ជាមួយ និងការជ្រើសរើស ជោគវាសនារបស់ខ្លួន ដោយគ្មានជនណា ឬក្រុមណាបំពានក្នុងការលួចប្លន់ឆន្ទៈក្នុងការ សម្រេចផ្ទាល់លើជោគវាសនារបស់ខ្លួននោះបានឡើយ៕