(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា បំពាក់គ្រឿងឥស្សរិយយស និងគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុក ដាមរី សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ផ្ទះលេខ១២៦-១២៨ ផ្លូវរុក្ខវិថីអេកូសាន់រាយ ស្ថិតនៅក្នុង បុរី ប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចប្រធានរដ្ឋសភា និងសមាជិក ជាសមាជិការដ្ឋសភាទាំងអស់ សូមសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារនៃសព។ មរណភាពរបស់លោក អ៊ុក ដាមរី មិនត្រឹមតែជាការបាត់បង់ ស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។
លោក អ៊ុក ដាមរី បានទទួលមរណភាព កាលពីថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៥:១៨នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋាន។
សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធលោក អ៊ុក ដាមរី បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕