(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្ដាល, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោក សំរិទ្ធ អេង ប្រធានគណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីសិទ្ធិ តួនាទីភារកិច្ច និងក្រមសីលធម៌ របស់អ្នកសង្កេតការណ៍ ជូនដល់សមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងពោធិ៍សាត់ ចំនួន៩៦នាក់។

លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា និងលោកស្រី ឯម ប៉ុណ្ណា បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជា សមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល បានថ្លែងថា វគ្គបណ្តុះបណ្តាល ស្តីពីសិទ្ធិ តួនាទី ភារកិច្ច និងក្រមសីលធម៌ របស់អ្នកសង្កេតការណ៍ ជូនដល់សមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងពោធិ៍សាត់ ចំនួន៩៦នាក់ ក៏ដូចបណ្តាស្រុកដ៏ទៃទៀត ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់នូវចំណេះដឹងកាន់តែច្បាស់ ស៊ីជម្រៅ ទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធិភាពខ្ពស់ នាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

លោកស្រីទាំង២ បានថ្លែងថា ការបោះឆ្នោត គឺជាកិច្ចការមួយដ៏មានសារៈសំខាន់ និងចាំបាច់បំផុត សម្រាប់បណ្តាប្រទេសនៅលើសកលលោក ដែលកាន់សិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេសនៅប្រទេសកម្ពុជា ដែលបានអនុវត្តការងារបោះឆ្នោតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ រាល់បណ្តាប្រទេសដែលកាន់លិទ្ធិប្រជាធិបតេយ្យ តែងតែប្រាថ្នាចង់បានរាល់ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង និងគ្មានអំពើហឹហ្សា។ ដើម្បីសម្រេចនូវគោលដៅនេះបាន ទាំងប្រជាពលរដ្ឋ មន្ត្រីបោះឆ្នោត គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវរួបរួមគោរពច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី លិខិតបទដ្ឋានគតិយុត្តនានា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រមសីធម៌ ឲ្យបានខ្ជាប់ខ្ជួន និងល្អប្រសើរ។

លោកស្រីទាំង២ បានលើកឡើងថា អ្នកសង្កេតការណ៍គ្រប់ៗរូប ត្រូវប្រតិបត្តិតាមក្រមសីលធម៌ សម្រាប់ធ្វើឲ្យបរិយាកាស នៃដំណើរការបោះឆ្នោតតាំងពីចាប់ផ្តើមរហូត ដល់ប្រកាសលទ្ធផលជាផ្លូវការ។ គណបក្សនយោបាយជាគូរប្រកួតប្រជែង មានសុទិដ្ឋិនិយមរវាងគ្នានិងគ្នា សហការគ្នា និងបំពេញការងារតាមភារកិច្ច និងមុខតួនាទីរៀងៗខ្លួន សំដៅកាត់បន្ថយនូវអំពើហឹង្សា ជម្លោះ ការរើសអើង ការបែងចែករវាងអ្នកដែលមាននិន្នាការនយោបាយផ្សេងៗគ្នាក្នុងសង្គម។ ការគោរពក្រមសីលធម៌បានល្អ គឺជាការលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ និងបង្ហាញពីការគោរពច្បាប់ ការឯកភាពជាតិ ការជឿទុកចិត្តគ្នា រវាងគណបក្សនយោបាយ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គម។

លោកស្រី អាំង សុជាតា និងលោកស្រី ឯម ប៉ុណ្ណា បានក្រើនរំលឹកថា ដំណើរការបោះឆ្នោតកាន់តែខិតជិតមកដល់ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហេតុនេះក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ សូមសំណូមពរដល់អ្នក សង្កេតការណ៍ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវខិតខំសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ អំពីសិទ្ធិ តួនាទី ភារកិច្ច និងក្រមសីលធម៌ ដែលបានសិក្សាកន្លងមកនេះ មានស្មារតីទទួលខុសត្រូវខ្ពស់ បើមានសភាពការអ្វីកើតឡើង ត្រូវចេះរាយការណ៍ និងសុំ គោលការណ៍ឲ្យបានទាន់ពេលវេលា និងសំណូមពរដាច់ខាត មិនត្រូវធ្វើអ្វីឲ្យខុសឬប្រាសចាកពីក្រមសីលធម៌ ត្រូវមានមុខនៅការិយាល័យបោះឆ្នោត នៅម៉ោង៦ព្រឹក ដោយភ្ជាប់ជាមួយនូវប៊ិច សៀវភៅ ដើម្បីប្រើប្រាស់ក្នុងពេលដំណើរការ។

សូមបញ្ចាក់ថា សាខាសមាកមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីសិទ្ធិ តួនាទី ភារកិច្ច និងក្រមសីលធម៌ ជូនដល់អ្នកសង្កេតការណ៍ របស់សមាគមនារីទាំង៧ស្រុកក្រុង ក្នុងខេត្តពោធិ៍សាត់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានចំនួន៥៤៨នាក់ ទាំង៤៩ឃុំសង្កាត់ និង៧៤៤ការិយាល័យបោះឆ្នោត ក្នុងនោះស្រុកបាកាន៧៦នាក់ ក្រគរ១១៤នាក់ កណ្តៀង១១០នាក់ ក្រវាញ៥៩នាក់ វាលវែង៣៩នាក់ តាលោសែនជ័យ៥៤នាក់ និងក្រុងពោធិ៍សាត់៩៦នាក់៕