(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន នៅថ្ងៃទី១៨​​ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសហប្រធាន និងអនុសហប្រធាននៃក្រុមការងារ១៣ផ្នែកឯកជន និងសហប្រធាន និងអនុសហប្រធានក្រុមការងារបច្ចេកទេសភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-គយ-ផ្នែកឯកជន ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារនីមួយៗ និងជាពិសេសវត្តមានតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ៖

១៖ ការផ្តល់អនុសាសន៍ អ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារផ្នែកឯកជន ដើម្បីពង្រឹងនិងបង្កើនសកម្មភាពតាមក្រុមការងារនីមួយៗ ឲ្យមានប្រសិទ្ធភាពធ្វើយ៉ាងណាសម្របសម្រួលសកម្មភាព និងបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើរក្នុងប្រទេសកម្ពុជា

២៖ ការធ្វើសេចក្តីរាយការណ៍សង្ខេបពីសហប្រធាន អំពីសកម្មភាពក្រុមការងារ និងទិសដៅបន្តនាពេលខាងមុខ នៃក្រុមការងារផ្នែកឯកជនីមួយៗក្រោមយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន

៣៖ ពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកន ជាមួយដៃគូសន្ទនាពាក់ព័ន្ធទាំងវិស័យឯកជននិងវិស័យសាធារណៈ៕