(ភ្នំពេញ)៖ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញលិខិតអំពាវនាវឱ្យប្រជាពលរដ្ឋសាសនិកឥស្លាមទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ បានគ្រប់ៗគ្នា ដើម្បីបន្តរក្សាសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍ ព្រមទាំងផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនា ផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។
តាមរយៈសេចក្តីអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខិតជិតមកដល់ ហើយដោយស្របជាមួយព្រះរាជអំពាវនាវរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មាធិការរៀបចំការ បោះឆ្នោត ក្នុងនាមចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមអំពាវនាវចំពោះគណៈអីមាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈស៊ីម៉ាំម៉ាស្ទិទ គ្រូបង្រៀនខ្មែរឥស្លាម និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម ទូទាំងព្រះរាជាណាចក្រកម្ពុជាអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដោយប្រើសិទ្ធិជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីរក្សាការពារនូវសេចក្តីសុខ សន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ម៉្យាងទៀតផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនា និងផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចពេលកន្លងមកនេះ»។
អ្នកឧកញ៉ា សុះ កំរ៉ី បានបញ្ជាក់ថា ដូច្នេះ សូមគណៈអីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអីម៉ាំម៉ាស្និទ គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូន ប្រជាពលរដ្ឋសាសនិកឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស សមប្រកបតែនឹងឥស្លាមពរសេចក្តីសុខស្លាម៉ាត់ ករុណាប៉ោះម៉ាត់ និងចម្រើនពើរ៉កាត់ កុំបីអាក់ខានឡើយ ព្រមទាំងទទួលនូវសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅអំពីខ្ញុំ៕
ខាងក្រោមនេះជាលិខិតរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា៖