(ភ្នំពេញ)៖ សមាជិកគណបក្សភ្លើងទៀត ចំនួន២នាក់ទៀត ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននោះ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកក្កដាម្សិលមិញ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន២នាក់ទៀត តាមដីកាតុលាការពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។ បុគ្គលទាំងពីររូបនោះ រួមមានទី១​៖ ឈ្មោះ អេង ស្រូយ ភេទប្រុស ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ និងទី២៖ ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន ដើម្បីចាត់វិធានការតាមនីតិវិធី។

យោងតាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕