(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនអ្នកកាន់កាប់ដី ស្ថិតនៅឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធ បានថ្លែងនៅក្នុងពិធីទទួលបានប័ណ្ណនាឱកាសនេះថា រាជរដ្ឋាភិបាលកម្ពុជា តែងមានការយកចិត្តទុកដាក់ និងបារម្ភជានិច្ចចំពោះប្រជាពលរដ្ឋដែលមានដីស្រែចំការបង្កបង្កើនផល ហើយមិនទាន់ទទួលបានប័ណ្ណកាន់កាប់ដីធ្លី ហើយថ្ងៃនេះបងប្អូននឹងទទួលបានប័ណ្ណកម្មសិទ្ធដ៏មានតម្លៃសម្រាប់កូនចៅរបស់យើង សូមថែរក្សាប័ណ្ណនេះឲ្យបានល្អ ហើយសូមខិតខំថែរក្សាដីនេះ ទុកសម្រាប់បង្កបង្កើនផលសម្រាប់ជីវភាពរស់នៅរបស់បងប្អូន។
ក្រៅពីនេះលោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់សមិទ្ធិផលថ្មីៗជាច្រើនកន្លែង ក្នុងស្រុកកំពង់លែងយើងនេះ មានដូចជាផ្លូវថ្នល់ក្រាលកៅស៊ូ និងចាក់បេតុងមានប្រវែង៣៨គីឡូម៉ែត្រ ក្នុងនោះមានផ្លូវមួយខ្សែប្រវែង ៥គីឡូម៉ែត្រ ជាផ្លូវចូលឃុំសំរោងសែន ដែលនឹងដាក់ឲ្យដំណើរការសាងសង់ក្នុងពេលខាងមុខនេះ។
លោកបណ្ឌិត សឹង សំណាង បានក្រើនរំលឹកជូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខទុក្ខប្រជាពលរដ្ឋយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ មួយវិញទៀតសូមបងប្អូនអញ្ជើញទៅបោះឆ្នោត ហើយត្រូវគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ពីព្រោះសម្លេងឆ្នោតគាំទ្ររបស់បងប្អូននឹងទទួលបាននូវការអភិវឌ្ឍសមិទ្ធិផលថ្មី និងសន្តិភាព ហើយកុំជឿលើការញុះញង់បោកប្រាស់ពីក្រុមអគតិដែលតែងឃោសនាមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ។
លោកបានបន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើនផលិតភាព ក៏ដូចជា ការវិនិយោគក្នុងវិស័យកសិកម្ម ឲ្យកាន់តែកើនឡើងថែមទៀត។
នាឱកាសនោះគណ:អធិបតី បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិចំនួនសរុប៤៥៣ ក្បាលដីជូនប្រជាពលរដ្ឋសរុប៤៣០គ្រួសារនៅភូមិសំរោងសែន និងភូមិប៉ប្រក់ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា ពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងថ្ងៃនេះ ផ្អែកតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកាត់ឆ្វៀលដីពីតំបន់៣ ដើម្បីអាចចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផល។ នេះជាការបញ្ជាក់របស់លោក លី សុភា ប្រធានមន្ទីរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសម្ដែងនូវក្តីរីករាយ និងប្តេជ្ញាចិត្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅភាពរីកចម្រើនគ្រប់វិស័យ៕