(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តស្វាយរៀង និងលោកបណ្ឌិត គឹម ធា សមាជិកព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារគណបក្សចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្សព្វផ្សាយគោលនយោបាយបក្សប្រជាជនកម្ពុជា និងពន្យល់ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដល់សមាជិកបក្សនៅឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិកាគណបក្សដែលបានចូលរួមផងដែរ។
លោកបណ្ឌិត បានណែនាំឱ្យក្រុមការងារបន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឱ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត ឱ្យបានសកម្មបំផុត។ ជាពិសេសត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពោលគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។
ជាមួយគ្នានេះ ត្រូវគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត គាំទ្រសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ នាពេលអនាគត។
លោកបណ្ឌិត សម តារា បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់ដើម្បីទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។
បន្ថែមលើសពីនេះ លោកបណ្ឌិត គឹម ធា ក៏បានលើកឡើងអំពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ក្រោមដំបូងនៃសុខសន្តិភាព ហើយខេត្តស្វាយរៀង សព្វថ្ងៃបានប្រែមុខមាត់រីកចម្រើនគួរឱ្យកត់សម្គាល់មានទាំងរោងចក្រ សហគ្រាសដែលអាចស្រូបយកកម្មករ កម្មការិនី បម្រើការងារប្រមាណជិត ១០ម៉ឺននាក់ និងមានប្រាក់ចំណូលសមរម្យផងដែរ។
លោកបណ្ឌិតបានបន្ថែមថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត សូមសមាជិក សមាជិកាបក្សទាំងអស់ត្រូវគៀងគរបងប្អូនសាច់ញាតិ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានរំដោះប្រជាពលរដ្ឋរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានប្រែក្លាយប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្នផងដែរ៕