(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាសមាគម សិស្ស និស្សិត្យ បញ្ញាវន្តក្មេងវត្តខេត្ត បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តឧត្តរមានជ័យ ត្រូវរួមគ្នាសហការចូលរួមអប់រំ បំផុសលើកទឹកចិត្ត ឲ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងចូលរួមគោរពអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងនិតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាឲ្យការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្រទៅដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ការថ្លែងណែនាំរបស់លោក ប៉ែន កុសល្យ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការចូលរួមពីលោក រុន តូ តំណាងលោកបណ្ឌិត ម៉ិញ បានកុសល្យ ប្រធានសមាគម សិស្ស និស្សិត្យ បញ្ញាវន្តក្មេងវត្តថ្នាក់កណ្តាល និងលោក រិន សាគរ ប្រធានសាខាសមាគមខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្តសាខាខេត្តឧត្តរមានជ័យ ជាច្រើនរូបទៀត។

លោក រិន សាគរ បានថ្លែងថា នេះជាលើកទី១ ដែលសាខាសមាគមថ្នាក់ខេត្តបានរៀបចំពិធីធំបែបនេះឡើង ដោយមានការចង្អុលបង្ហាញនិងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោក ប៉ែន កុសល្យ និងលោក ហ៊ុន ម៉ានិត លោកបណ្ឌិត ម៉ិញ បាន កុសល្យ ដែលជាថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល។ សាខាសមាគមខេត្តបានកើតឡើង ក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍សាធារណៈ និងសង្គមជាតិ និងបានធ្វើសកម្មភាពការងារឆ្នាំ២០២១បានចំនួន៨៧លើក ឆ្នាំ២០២២បានចំនួន១២៤លើក និងក្នុងឆមាសទី១ ឆ្នាំ២០២៣ បានចំនួនបានចំនួន៧៥លើក។

ក្នុងនាមលោកកបណ្ឌិត ម៉ិញ បានកុសល្យ លោក រុន តូ បានថ្លែងលើកឡើងពីប្រវត្តិនៃការកើតសមាគមនេះឡើង ព្រមទាំងថ្លែងកោតសរសើរនូវទឹកចិត្តថ្នាក់ដឹកនាំ សមាជិក គ្រប់ថ្នាក់នៃសាខាសមាគម សិស្ស និស្សិត្យ បញ្ញាវត្តក្មេងវត្តខេត្តឧត្តរមានជ័យ ដែលបានចំណាយធនធាន ពេលវេលាដ៍មានតម្លៃ ចូលរួមក្នុងសកម្មភាពមនុស្សនៅក្នុងសង្គមជាតិរបស់យើង លោកក៏បានថ្លែងនូវការអរគុណដល់សប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា សម្រាប់សកម្មភាពរបស់សាខាសមាគមខេត្ត។

នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសាខាសមាគមខេត្តសម្រេចបាន និងបានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖

* បន្តពង្រីកក្រុមការងារដល់ស្ថាប័ន មន្ទីរ អង្គភាព ឃុំ សង្កាត់ ភូមិ
* សូមអាជីវករ អង្គភាពនានា និងម្ចាស់ឧបត្ថម្ភ បន្តគាំទ្រ
* ត្រូវបន្តរក្សាសាម្គីភាពជាកម្លាំងដើម្បីចូលរួមកសាងសង្គមជាតិយើង
* ត្រូវខំកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ
* ត្រូវជៀសឱ្យផុតពីគ្រឿងញៀននិងល្បែងពាលាផ្សេងៗ
* ត្រូវបន្តខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាព និងរក្សាការពារសន្តិសុខនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីបន្តបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ។

លោក ប៉ែន កុសល្យ ក៏បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខាសមាគមខេត្តត្រូវសហការចួលរួមអប់រំ បំផុសលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋក៏ដូចជាសមាជិកក្នុងគ្រួសារ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាការពារសន្តិភាព តាមរបៀបរបបលទ្ធិប្រជាធិបតេយ្យ៕