(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុករមាសហែក ខេត្ដស្វាយរៀង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារគណបក្ស បង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្ស និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក សៅ សុខា បានណែនាំអនុវត្តន៍ជាក់ស្តែង សាកល្បងគូសសន្លឹកឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ព្រមទាំងណែនាំការត្រៀមឯកសារផ្សេងៗពាក់ព័ន្ធ សម្រាប់ឈានឆ្ពោះទៅការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកក៏បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។

លោក សៅ សុខា បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កើតឡើងដោយសារប្រជាជន ពលិកម្មរាល់អ្វីៗទាំងអស់ ដើម្បីប្រជាជនរួមសុខរួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈ៕