(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលាស្តីពី «គោលការណ៍សំខាន់ៗ នៃកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement - DTA) រវាងប្រទេសកម្ពុជា និងប្រទេសជាដៃគូ» និងកិច្ចព្រមព្រៀង DTA រវាងកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដើម្បីបង្កើនបង្កើនសមត្ថភាព និងពង្រឹងចំណេះដឹងមន្ត្រី របស់អគ្គនាយកដ្ឋា នពន្ធដារអំពីកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា។
លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងកម្មវិធីនេះថា កម្ពុជាត្រូវតាមឱ្យទាន់ នូវបរិបទបច្ចុប្បន្ន នៃបំរែបំរួលគោលនយោបាយ និងបរិយាកាសពន្ធអន្តរជាតិទាំងក្នុងតំបន់ និងពិភពលោកនិងជាពិសេស ស្ថិតក្នុងបរិការណ៍នៃសម្មាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEC) ដែលតម្រូវឱ្យមានយន្តការមួយចំនួន ពាក់ព័ន្ធវិស័យពន្ធអន្តរជាតិ សំដៅផ្តល់នូវទំនុកចិត្ត ការគាំពារ និងជម្រុញការវិនិយោគក្នុងតំបន់។
លោកបន្តថា ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារទាំងអស់ក្នុងសិក្ខាសាលាថ្ងៃនេះ ជាសក្ខីកម្មបញ្ជាក់ពីការយកចិត្តទុកដាក់ បង្កើនសមត្ថភាព និងពង្រឹងការយល់ដឹងបន្ថែមអំពី វិស័យពន្ធអន្តរជាតិ ដោយផ្តោតលើគោលការណ៍ សំខាន់ៗនៃកិច្ចព្រមព្រៀងស្តី DTA រវាងប្រទេសកម្ពុជា និងប្រទេសជាដៃគូ និងជាពិសេសគឺស្វែងយល់ឱ្យ បានច្បាស់លាស់អំពីកិច្ចព្រមព្រៀង DTA រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដែលទើបចុះហត្ថលេខាថ្មីៗនេះ ដើម្បីធានាឱ្យបាននូវការអនុវត្ត ដោយរលូននាពេលខាងមុខ។
លោកបន្ដទៀតថាកិច្ចព្រមព្រៀងនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសជាហត្ថលេខីដូចជាការពង្រឹង កិច្ចសហប្រតិបតិ្តការទ្វេភាគីលុបបំបាត់ ភាពមិនច្បាស់លាស់ក្នុងការកំណត់សិទ្ធិ យកពន្ធកំណើនមូលដ្ឋានពន្ធ តាមរយៈការទាក់ទាញវិនិយោគ ដោយផ្ទាល់លំហូរមូលធនការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេសការការពារ និងវាសនជនពីប្រព្រឹត្តកម្ម មិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធនិងការការពារ ចំណូលពន្ធក្នុងស្រុកតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើគេចវេះពន្ធ។ម្យ៉ាងវិញទៀតការសម្រេច បាននូវកិច្ចព្រមព្រៀងរវាង កម្ពុជានិងប្រទេសជាដៃគូធ្វើឡើង ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលនិងដើម្បីបំពេញកាតព្វកិច្ច ក្រោមក្របខណ្ឌអាស៊ាន។
លោកបានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ផ្ដោតសំខាន់លើទស្សនាទាន ទិដ្ឋភាពទូទៅ គោលការណ៍សំខាន់ៗ និងធ្វើការប្រៀបធៀបរវាងគំរូកិច្ចព្រមព្រៀង DTAរបស់កម្ពុជាជាមួយគំរូស្តង់ដារ អន្តរជាតិរួមមាន៖ គំរូ OECD និង UN ព្រមទាំងពន្យល់បកស្រាយ លម្អិតអំពីកិច្ចព្រមព្រៀង DTA រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ កម្ពុជា និងសាធារណរដ្ឋសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដែលនេះជាកិច្ចព្រមព្រៀង ដំបូងបង្អស់ត្រូវបានចុះហត្ថលេខា ហើយនេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗ ជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕