(ភ្នំពេញ)៖ យុវសិស្ស ឡេង លីហាក់ សិក្សាថ្នាក់ទី៦ និងយុវតី ឡេង លីតា សិក្សាថ្នាក់ទី៨ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានមេដាយពីការចូលរួមក្នុងការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោក Copernicus Olympiad ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
Copernicus Olympiad ត្រូវបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សប្រមាណជាង ៥០០ នាក់ ក្នុងចំនោមសិស្ស ២៥៦៧ នាក់ ចូលរួមប្រកួត តំណាងមកពី ២៣ប្រទេស ក្នុងចំនោម ៤០ ប្រទេសជុំវិញពិភពលោក។
ការប្រកួតប្រជែង Copernicus Olympiad គឺត្រូវបានគេដាក់ឈ្មោះតាមគណិតវិទូ និងតារាវិទូដ៏ល្បីល្បាញ លោក Nicolaus Copernicus ហើយវាជាវេទិកាប្រកួតប្រជែងលំដាប់ពិភពលោក ដែលសិស្សចាប់ពីថ្នាក់ទី៣ រហូតដល់ថ្នាក់ទី១២ អាចចុះឈ្មោះចូលរួមប្រកួតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា វិទ្យាសាស្ត្រ តារាសាស្ត្រ ការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណែត និងមហោស្រពភាពយន្ត៕