(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន លោក សាឡើមសៃ កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសឡាវ និងលោកបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសានកា (Dr. Subrahmanyam Jaishanka) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញ Fresh News ទទួលបាន កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមបណ្តាប្រទេសសមាជិកមេគង្គ។ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានស្វាគមន៍ជំនួយរបស់ឥណ្ឌា តាមរយៈការអនុវត្តគម្រោងឆាប់ទទួលបានផលរបស់ខ្លួន ព្រមទាំងបានកត់សម្គាល់ថា មានគម្រោង ៧៨ ហើយ ដែលត្រូវបានបញ្ចប់ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥។

រដ្ឋមន្រ្តីទាំងអស់បានឯកភាពសម្រួលការអនុវត្តកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវយន្តការប្រទេសដឹកនាំវិស័យនីមួយៗនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបង្កើតឡើងនូវក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលនឹងផ្តល់នូវការតម្រង់ទិសអន្តរកម្មនាពេលអនាគតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការពង្រីកសកម្មភាពសេដ្ឋកិច្ចតំបន់នានា។ រដ្ឋមន្រ្តីទាំងអស់ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងបានស្វាគមន៍កិច្ចសហការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការស្តីពីបញ្ហានានាពាក់ព័ន្ធនឹងទឹក។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ និងបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើតឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់។ លោកបណ្ឌិតសភាចារ្យ បានចង្អុលបង្ហាញទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១២ ភ្ជាប់ជាមួយនឹងឧបសម្ព័ន្ធចំនួនពីររួមមាន៖ ទស្សនាទានស្តីពី យន្តការប្រទេសដឹកនាំវិស័យ និងក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕