(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ថ្ងៃទី១៤ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ​ធនាគារជាតិនៃកម្ពុជា អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈមេធាវី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅអគ្គនាយកដ្ឋាន ក.ប.ប.។

សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះមានការចូលរួមពីសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាធុរជន​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ធុរជន/ប្រតិបត្តិករក្នុងវិស័យសេវា ហិរញ្ញវត្ថុ មិនមែនធនាគារ និងអ្នកអនុវត្តច្បាប់ដែលជាមេធាវី សរុបប្រមាណ៥២០រូប។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា សិក្ខាសាលានេះនឹង​ដើរតួជាវេទិកាមួយ ក្នុងការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធជាពិសេស ដល់ធុរជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ធុរជន/ប្រតិបត្តិករ​ក្នុងវិស័យសេវា ហិរញ្ញវត្ថុមិនមែនធនាគារ និងអ្នកអនុវត្តច្បាប់ដែលជាមេធាវី ឲ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ហើយនឹងចាប់អនុវត្តពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

អនុក្រឹត្យនេះក៏បានកំណត់​នូវកាតព្វកិច្ច​សំខាន់ៗចំនួន៣ ដែលជាធុរជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ធុរជន/ប្រតិបត្តិករក្នុងវិស័យសេវាហិរញ្ញវត្ថុមិន មែនធនាគារ និងអ្នកអនុវត្តច្បាប់ដែលជាមេធាវី (ទីប្រឹក្សាផ្នែកច្បាប់ ឬមេធាវីតំណាង​ឱ្យក្រុមហ៊ុន)ដែលមាននាទីជាអន្តរការី និងជាអ្នក តំណាងស្របច្បាប់​របស់បុគ្គលធ្វើធុរកិច្ចចាំបាច់ ត្រូវមានការយល់ដឹង និងបន្តចែករំលែក ផ្សព្វផ្សាយ និងក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ច ត្រូវតែដឹងអំពីកាតព្វកិច្ច​ទាំងនេះ រួមមាន៖ ១៖ការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច, ២៖ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូលគ្នា នៃធុរកិច្ច និង៣៖ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏ជួយជំរុញឲ្យធុរជនដែលធ្វើធុរកិច្ចគ្រប់វិស័យ និងធានាឲ្យមានការប្រកួត​ប្រជែងប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ច ដោយស្មោះត្រង់ និងសុចរិត ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងលើកកម្ពស់​ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌនិង​នីតិវិធីអំពីការរួមបញ្ចូលគ្នា នៃធុរកិច្ច ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានាពេលនេះ គឺជាសិក្ខាសាលាលើកទី១ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយធនាគារជាតិនៃកម្ពុជា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈមេធាវី រៀបចំផ្សព្វផ្សាយដល់​ធុរជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ធុរជន/ប្រតិបត្តិករក្នុងវិស័យ​សេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអ្នកអនុវត្តច្បាប់ដែលជាមេធាវី ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ។

នាពេលកន្លងទៅអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចំនួន២៧លើក ពាក់ព័ន្ធនឹងការផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ដោយក្នុងឆ្នាំ២០២២ មានការរៀបចំឡើងចំនួន២១លើក ដែលក្នុងនោះមានកិច្ចសហការ​ជាមួយទីភ្នាក់ងារ GIZ ចំនួន៤លើក និងសភាពាណិជ្ជកម្មកម្ពុជា​ចំនួន១៧លើក និងក្នុងឆ្នាំ២០២៣ មានការរៀបចំឡើងចំនួន៦លើក ដោយមានកិច្ចសហការ ជាមួយទីភ្នាក់ងារ GIZ ក្នុងក្របខណ្ឌទូទាំង ប្រទេស។

ជារួមច្បាប់ស្ដីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធត្រូវបាន​ផ្សព្វផ្សាយដល់ធុរជនទូទាំងប្រទេសរួចហើយ ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានសកម្មភាពធុរកិច្ចជាច្រើនបាននឹងកំពុងតែកើនឡើង៕