(ភ្នំពេញ)៖ កម្ពុជា បានស្នើឲ្យអ៉ីស្រាអែល ផ្ដល់ជំនួយបច្ចេកទេសផ្នែកកសិកម្ម និងបទពិសោធន៍ក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធថែមទៀត។
សំណើនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Simon Roded ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការបរទេស។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងថា ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្នើអ៉ីស្រាអែលពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ជាមួយកម្ពុជា ឲ្យបានល្អថែមទៀត ពីព្រោះប្រទេសកម្ពុជា ត្រូវការបទពិសោធន៍ និងបច្ចេកទេសល្អៗ ក្នុងវិស័យកសិកម្ម។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើអ៉ីស្រាអែល ជួយផ្តល់បទពិសោធន៍ក្នុងការគ្រប់គ្រងធនធានទឹក ត្បិតប្រទេសអ៉ីស្រាអែល មានបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងទឹក ដើម្បីពង្រឹងវិស័យកសិកម្ម។
ឆ្លើយតបសំណើខាងលើនេះ លោក Simon Roded បានបញ្ជាក់ថា រដ្ឋាភិបាលអ៉ីស្រាអែល ក៏ចង់ពង្រីកកិច្ចសហប្រិបត្តិការលើវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជាដែរ ព្រមទាំងគ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជា ចូលរួមក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាផ្នែកកសិកម្ម នៅអ៉ីស្រាអែលផងដែរ។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជំរុញអ៉ីស្រាអែល ពន្លឿនការអនុវត្តលើកិច្ចព្រមព្រៀង ផ្នែកបច្ចេកទេសរវាងកម្ពុជា និងអ៉ីស្រាអែល ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៤ និងការអនុវត្តន៍កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងបាត់ចាន់ ប្រទេសអ៉ីស្រាអែល ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៥៕