(តាកែវ)៖ លោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិក សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាតាមខ្នងផ្ទះ ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំទាំង៧នៃស្រុកគិរីវង់ រួមមាន៖ ឃុំភ្នំដិន(ភូមិកណ្ដាល) ឃុំកំណប់(ភូមិក្រងល់) ឃុំព្រៃរំដេង(ភូមិត្រពាំងពិដោរ) ឃុំរាមអណ្ដើក(ភូមិកោះកុសល) ឃុំកំពែង (ភូមិវត្តភ្នំ) ឃុំសោម(ភូមិស្រែកែស) និងឃុំគិរីចុងកោះ (ភូមិព្រៃតាម៉ៅ) ព្រមទាំងអាជីវករដែលលក់ដូរនៅក្នុងផ្សារគិរីវង់ ដែលស្ថិតក្នុងភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់។
ក្នុងពិធីសំណេះសំណាលនេះផងដែរ មានការចូលរួមពីសំណាក់លោក លោកស្រី ជាសហប្រធានកិត្តិយស ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនីមួយៗ ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការឃុំ និងគណៈកម្មាធិការគណបក្សស្រុកគិរីវង់ ផងដែរ។
ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងអាជីវករលក់ដូរនៅតាមផ្សារ លោក សុខ សូកាន រួមជាមួយក្រុមការងារបានផ្សព្វផ្សាយពីគោលនយោបាយដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលគួរជាទីមោទនៈដែលគណបក្សប្រជាជនកម្ពុជាបានកសាងជូនជាតិមាតុភូមិនិងប្រជាជនកម្ពុជាកន្លងមក។
ទន្ទឹមនឹងនេះ លោកក៏បានបង្រៀនប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋជាសន្លឹកឆ្នោតបានការ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតគ្រប់ៗគ្នា ចាប់ពីម៉ោង ៧៖០០ព្រឹក រហូតដល់ម៉ោង ៣៖០០រសៀល នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេស សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ និងដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕