(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋជាង ៣០០នាក់ នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លើកឡើងនាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានប្រាប់សមាជិកបក្សដែរថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិនាំយកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស។
លោកបណ្ឌិត ថោង ខុន ក៏បានជម្រាបជូនសមាជិកបក្សទាំងអស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់វាល ធំ៣ មានដូចជា៖ ឆ្លងកាត់របប ប៉ុល ពត, សង្គ្រាម និងជំងឺកូវីដ១៩ ដែលទើបកើតមាននាពេលថ្មីៗនេះ ដែលជាក់ស្តែងអំឡុងមានការរាតត្បាតខ្លាំងពីជំងឺកូវីដ-១៩ រដ្ឋាភិបាលបានរៀបចំទប់ស្កាត់ និងដាក់ចេញយុទ្ធនាការស្រោចចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារសុខភាពសាធារណៈ ហើយក្រោយជោគជ័យពីការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ជជាតិ កាន់តែល្អឡើងវិញផងដែរ។
បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ដែរថា ដើម្បីបន្តការពារសុខសន្តិភាព និងស្ថេរភាពពេញលេញ ជាមួយនឹងការអភិវឌ្ឍជាបន្តទៅទៀត សូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។
ជាមួយនឹងការចុះជួបសំណេះសំណាលផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតជាឱកាសនោះ បងប្អូនប្រជាពលរដ្ឋរួមទាំងសមាជិកបក្សទាំងអស់បានបង្ហាញការស្វាគមន៍ និងប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ដោយថ្ងៃបោះឆ្នោតនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕