(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នារសៀលថ្ងៃចន្ទថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តជួបសំណេះ សំណាលជាមួយសមាជិក សមាជិកាគណបក្សសង្កាត់ចំការសំរោងក្នុងក្រុងបាត់ដំបង ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក សុខ លូ បានអំពាវនាវដល់សមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងសង្កាត់ចំការសំរោងត្រៀមលក្ខណៈ ដូចជាអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធទុកជាស្រេច ដើម្បីអញ្ជើញយកទៅបោះឆ្នោត នាថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត។
លោកបាន ថ្លែងអំណរគុណសមាជិកសមាជិកាបក្ស និងអ្នកគាំទ្របក្សនៅក្នុងសង្កាត់ចំការសំរោងទាំងអស់ ដែលបានគាំទ្រ ជឿទុកចិត្តលើគណបក្ស និងបានចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២កន្លងមក និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ ហើយក្រុមការងារនិងសកម្មជន នៅមូលដ្ឋានក៏បានចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់អ្នកគាំទ្រគណបក្សបានយល់ច្បាស់ ដើម្បីបន្តធ្វើការអភិវឌ្ឍប្រទេសជាតិ, បង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក។
លើសពីនេះខុសពីថ្ងៃយុទ្ធនាការឃោសនានេះ គឺថ្នាក់ដឹកនាំក្រុមការងារ សកម្មជនក្នុងមូលដ្ឋាន បានចុះបង្ហាត់ បង្ហាញពីរបៀបគូសសន្លឹកឆ្នោតជាប្រចាំ ដល់ប្រជាពលរដ្ឋចេះចាំស្ទាត់បានត្រឹមត្រូវព្រមទាំងឱ្យសមាជិកម្នាក់ៗ គូសសាកល្បងលើសន្លឹកឆ្នោត គឺគូសបានត្រឹមត្រូវទាំងអស់គ្នា និងបង្ហាញលេខរៀងគណបក្សទី១៨ នៅចុងក្រោយគេស្រួលចំណាំ និងមានរូបទេវតាបាចផ្កាជានិមិត្តសញ្ញាទៀតផង។
លោកបានបន្តទៀតថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងបោះឆ្នោតឱ្យខ្លួនឯង ហើយបានផ្តល់ជូនថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសជាតិ ដោយបានកសាង អភិវឌ្ឍន៍ រក្សាការពារ សុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត បានយូរអង្វែងតទៅដល់កូនចៅជំនាន់ក្រោយៗផងដែរ៕