(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើដល់អ្នកឆ្លងកាត់ស្រុកនេះ ចូលរួមគោរពទង់ជាតិ រៀងរាល់ព្រឹកថ្ងៃចន្ទ និងថ្ងៃសុក្រ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។
សេចក្តីជូនដំណឹង បានឲ្យដឹងថា ដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណជន រដ្ឋបាលស្រុកក្រឡាញ់ នឹងរៀបចំការចាក់ផ្សាយចម្រៀងជាតិ ចាក់បទនគររាជផ្សាយចេញពីវិទ្យុ តាមរយៈឧឃោសនសព្ទ (មេក្រូ) ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រ វេលាម៉ោង ០៧៖០០ នាទីព្រឹក ចាប់ពីមុខអាគារ សាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ។
រដ្ឋបាលស្រុកក្រឡាញ់ បានស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ និង ប្រធានអង្គភាពរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រធានគ្រប់គ្រងវិស័យ ឯកជន អាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកក្រឡាញ់ទាំងអស់ ដែលបានលឺសំលេង ការចាក់ផ្សាយនូវចម្រៀងជាតិ សូមមេត្តាឈប់ការធ្វើដំណើរ ឬផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពភ្លេងជាតិឲ្យបានចប់សិន ទើបអាចបន្តការធ្វើដំណើរ ឬ អនុវត្តការងារផ្សេងៗទៀតបាន៕