(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី ជឿន ហេឡែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក អ៊ុក ដាមរី តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល។
តាមរយៈសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាំងស្រុងដូច្នេះថា៖
លោកជំទាវ ជាទីរាប់អានខ្ញុំ និងភរិយាមានក្ដីរំជួលចិត្តក្រោយទទួលដំណឹងថា ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត មណ្ឌលខេត្តកណ្តាល បានទទួលមរណភាពកាលពីវេលាម៉ោង ៥១៨ នាទីព្រឹក ថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្ដែងនូវការសោកស្តាយជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ព្រោះមរណភាពរបស់ ឯកឧត្តម អ៊ុក ដាមរី ជា ការបាត់បង់នូវឥស្សរជនមួយរូប ដែលបានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី បម្រើប្រទេសជាតិ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងគោលដៅបម្រើ ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។
ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម អ៊ុក ដាមរី សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕