(ហ្សាការតា)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Dyah Anita Prihapsari ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីផ្តល់អំណាចដល់ AWEN ក្នុងការជួយដល់សហគ្រិនជាស្ត្រី នៅក្នុងតំបន់ និងបានពិភាក្សាត្រៀមរៀបចំសម្រាប់វេទិកានាយកប្រតិបត្តិជាស្ត្រីអាស៊ានលើកដំបូង នៅខែកញ្ញាខាងមុខ នៅទីក្រុងហ្សាការតា។

លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោក Michael Schiffer អនុប្រធានគ្រប់គ្រងទទួលបន្ទុកការិយាល័យអាស៊ី នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធីដែលអាចធ្វើទៅបាន ដើម្បីពង្រឹងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជា វិស័យដែលជាប្រយោជន៍ទៅវិញទៅមក៕