(បន្ទាយមានជ័យ)៖ សាច់មាន់ ថ្លើមមាន់ និងជង្គង់មាន់ខូចគុណភាព ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការចុះទៅចាប់ដកហូត បានចំនួន១០កញ្ចប់ធំ ដែលស្នើនឹង១២០គីឡូក្រាម ស្ថិតនៅផ្សាររ៉ា ក្រុងប៉ោយប៉ែត។
លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា «សាច់មាន់ ថ្លើមមាន់ និងជង្គង់មាន់ចំនួន១២០គីឡូក្រាម ត្រូវបានយើងដកហូត បានពីការនាំចូលមកពីប្រទេសថៃ តាមរយៈក្រុមកម្មករ អូសរទេះ នៅវេលាម៉ោងជាង៨ព្រឹកមិញ ហើយនៅវេលាម៉ោងជាង១រសៀលថ្ងៃនេះ យើងបានសហការជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្រ្តីគយ នៅតាមព្រំដែនយកទៅដុតកម្ទេចចោល នៅកាស៊ីណូផ្កាយ៥»។
លោក ហុង លាង បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់យើងបានខិតខំយ៉ាងខ្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចុះ ស្រាវជ្រាវជាប្រចាំចំពោះ ការលួចនាំចូលសាច់ខូចគុណភាព ពីព្រោះនេះបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋទូទៅ៕