(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) នៅរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានពិន័យប្រាក់ ១០-១៥លានរៀល និងដកសិទ្ធិឈរឈ្មោះ និងសិទ្ធិបោះឆ្នោតម្នាក់១០ឆ្នាំ ដល់សមាជិកក្រុមប្រឆាំងជ្រុលនិយម២នាក់ទៀត ដែលពាក់ព័ន្ធនឹងករណីញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

បុគ្គល២រូបនោះទី១៖ លោក ខឹម មុនីកុសល ត្រូវបានពិន័យជាប្រាក់ ១៥លានរៀល
និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត 10 ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ុន សុភា ត្រូវបានពិន័យជាប្រាក់១០លានរៀល និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត១០ឆ្នាំ។

សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ក៏បានសម្រេចលើករណី ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ១៦នាក់ផ្សេងទៀត ដោយពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំផងដែរ៕