(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យស្ថានភាពវេរ៉ងដារ ដែលបានសាងសង់រួចជាស្ថាពរ និងអនុញ្ញាតឲ្យសាងសង់វេរ៉ងដារបន្តទៀត តាមច្រាំងដងស្ទឹងសែន មានប្រវែង១៤០ម៉ែត្រ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការសាងសង់វេរ៉ងដារនេះ បានលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្ទឹងសែន ឲ្យមានសម្រស់កាន់តែស្អាត មានកន្លែងអង្គុយគយគន់សម្រស់តាមដងស្ទឹងសែន ជាពិសេសបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនមានទីឃ្លាធំទូលាយសម្រាប់ដើរកម្សាន្ដ ស្រូបយកខ្យល់បរិសុទ្ធ កន្លែងហាត់ប្រាណ ក៏ដូចជាបង្កើនប្រាក់ចំណូលដល់អាជីវករដែលបានលក់ដូរជាប្រចាំជារៀងរាល់ថ្ងៃ ឲ្យជីវភាពប្រសើរជាងមុន។
លោក ងួន រតនៈ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលលក់ដូរតាម រទេះ រ៉ឺម៉ក និងអ្នកមកដើរកម្សាន្តតាមដងស្ទឹងសែន ក៏ដូចជាទីកន្លែងតំបន់ទេសចរណ៍នានា សូមរក្សាអនាម័យឲ្យបានល្អ បរិស្ថានស្អាត នាំមកនូវសុខភាពល្អ និងសេចក្តីថ្លៃថ្នូរ ហើយកុំភ្លេចនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕