(ភ្នំពេញ)៖ ក្រុមហ៊ុនផ្នែកកសិកម្មមួយរបស់សិង្ហបុរី ដែលកំពុងវិនិយោគដាំដុះ​ដំឡូង​មី និងកែច្នៃជាម្សៅសម្រាប់នាំចេញទៅក្រៅប្រទេស ប្រកាសស្វែងរកអ្នក​ចូល​រួមដាំដំឡូងមីនៅលើដីរបស់ខ្លួនស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​​បង្កើតផលិតកម្មម្សៅមី បំពេញតម្រូវការទីផ្សាររបស់ខ្លួនដែលកំពុងមាន​កំណើន​​ខ្ពស់។

ក្រុមហ៊ុន «HLH Agriculture» ដែលជាក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ដោយ​ជនជាតិសិង្ហបុរី ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចជិត ១ម៉ឺន​ហិក​​​​តា ពីរាជរដ្ឋា​ភិ​បាលនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០​០៨។ ក្រុមហ៊ុន បានវិនិយោគដាំដុះដំឡើងមី និងកែច្នៃជា​ម្សៅ​សម្រាប់នាំ​ចេញទៅទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ក្នុងស្រុកផងដែរ។

កញ្ញា ឡុង តៃហ្វា អ្នកគ្រប់គ្រងផ្នែកដាំដុះ នៃក្រុមហ៊ុន HLH បានឱ្យដឹងថា ម្សៅ​​ដំឡូងមីរបស់ក្រុមហ៊ុនកំពុងមានទីផ្សារខ្ពស់បន្ទាប់ពីបានធ្វើអាជីវកម្មក្នុង​រយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើតាម តៃហ្វា ទោះបីពិភពលោកជួបវិបត្តិនៃជំងឺ​កូវីដ១៩ ឬបញ្ហាសកលដទៃទៀត តែការបញ្ជាទិញម្សៅដំឡូងមី មិនមានធ្លាក់​ចុះនោះទេ ហើយមានការកើនឡើងថែមទៀតផង។

កញ្ញា ឡុង តៃហ្វា បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានផ្គត់ផ្គង់ម្សៅ​ដំឡូង​មី​ទៅកាន់ប្រទេសហូឡង់ អាមេរិក កូរ៉េ និងជប៉ុនជាដើម ក្នុងបរិមាណ​ប្រមា​ណ ៣ពាន់ ទៅ៥ពាន់តោនក្នុងមួយខែ។

ក្រៅតែពីការផ្គត់ផ្គង់ជាម្សៅដំឡូងមីហើយនោះ ក្រុមហ៊ុន HLH ក៏មានការផ្គង់​ផ្គង់ដំឡូងក្រៀមទៅកាន់ប្រទេសចិនប្រមាណ ៥ពាន់ ទៅ៧ពាន់តោនផង​ដែរ​។ ជាមួយគ្នានេះ ក្រុមហ៊ុនមកពីប្រទេសមានតម្រូវការរហូតដល់ទៅ ៣ម៉ឺន ទៅ​៥ម៉ឺនតោនក្នុងមួយខែ តែក្រុមហ៊ុនមិនទាន់មានលទ្ធភាពផ្គត់ផ្គង់នៅឡើយ។

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលមានកំណើនខ្ពស់នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន HLH បានដាក់ចេញយុទ្ធសាស្ត្រថ្មីបង្កើនផលិតកម្មនៃការដាំដុះ ដោយ​បើកឱកាសឱ្យអ្នកមានលទ្ធភាពចូលរួមវិនិយោគដាំដុះដំឡូងមីនៅ​លើ​ផ្ទៃ​ដីដែលខ្លួនទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។

តាមរយៈយុទ្ធសាស្ត្រថ្មីនេះ គឺក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកមានធនធានអាចចូល​ទៅដាំដុះដំឡូងមីនៅលើផ្ទៃដីរបស់ខ្លួន ដោយក្រុមហ៊ុនផ្តល់នូវបច្ចេកទេសដាំ​ដុះ និងពូជ ហើយពេលប្រមូលផល គឺក្រុមហ៊ុនជាអ្នកទទួលទិញ។

តាមរយៈយុទ្ធសាស្ត្រនេះ វាគឺជាឱកាសមួយសម្រាប់អ្នកចង់រកផលចំណេញ​ពី​ការដាំដុះដំឡូងមី។ កញ្ញា ឡុង តៃហ្វា បានបញ្ជាក់ឱ្យដឹងថា ការចូលទៅដាំ​ដុះនៅទីតាំងដីរបស់ក្រុមហ៊ុននេះ គឺក្រុមផ្តល់ដី ផ្តល់ពូជ ផ្តល់ការប្រឹក្សាបច្ចេក​ទេសដោយឥតគិតថ្លៃ ហើយពេលប្រមូលផល គឺមិនបារម្ភរឿងគ្មានកន្លែងលក់​នោះឡើយ គឺក្រុមហ៊ុនធ្វើកិច្ចសន្យាប្រមូលទិញមើមដំឡូងទៅតាមតម្លៃទីផ្សារ​មួយ​សមរម្យ នៅពេលចូលទៅដាំ។

ក្រៅតែពីការធានាបាននៅទីផ្សារហើយនោះ ការដាំដុះដំឡូងនៅលើទីតាំងដី​របស់​​ក្រុម​ហ៊ុននេះ គឺក្រុមហ៊ុនជួយរកគ្រឿងចក្រ រកកម្លាំងពល​កម្ម​សម្រាប់​ការ​ដាំដុះ ការប្រមូលផលថែមទៀតផង បើសិនជាអ្នកចូលទៅតាមមិនមានគ្រឿង​ចក្រ ឬកម្លាំងពលកម្ម។ ប៉ុន្តែថ្លៃឈ្នួលលើគ្រឿងចក្រ ឬកម្លាំងពលកម្ម គឺអ្នក​ដាំ​ជាអ្នកចំណាយ។

បច្ចុប្បន្នមានអ្នកចូលទៅដាំដុះនៅលើដីនេះបណ្តើរៗហើយ មានទាំងពលរដ្ឋ​ខ្មែរ និងជនបរទេសផងដែរ។ លោក វ៉ូ ម៉ូ ជាជនជាតិខ្មែរ និងលោក ឡាស់ ស្មាន់ ជាជនជាតិស្រីលង្កា កំពុងតែដាំដុះដំឡូងមីនៅទីតាំងដីក្រុមហ៊ុនខាងលើ​នេះ។

ពួកលោកបានអះអាងថា ដីនៅទីតាំងខាងលើនេះ មានអំណោយផលល្អ​សម្រាប់​​ដំឡូងមី ហើយការដាំដុះនៅទីតាំងនោះមាន​ភាពងាយស្រួល​ច្រើន​ថែម​ទៀតផង។

រឿងដែលនាំឱ្យលោក វ៉ូ ម៉ូ និងលោក ឡាស់ ស្មាន់ ចូលមកដាំដុះនៅទីតាំង​ខាង​លើ​នេះ ដោយសារក្រុមហ៊ុនផ្តល់ដី ផ្តល់ពូជ ផ្តល់បច្ចេកទេសដោយឥត​គិត​ថ្លៃ។ រឿងដែលល្អបំផុតនោះ គឺក្រោយពេលប្រមូលផល គឺមិនបារម្ភ ឬ​លំបាក​រកទីផ្សារលក់មើមដំឡូងនោះឡើយ គឺដឹកចូលរោងចក្រកែច្នៃ​របស់​ក្រុមហ៊ុននៅក្នុង​ទីតាំងនោះតែម្តង។

លោក វ៉ូ ម៉ូ និងលោក ឡាស់ ស្មាន់ បានលើកទឹកចិត្តដល់អ្នកមានធនធាន អាចចូលរួមវិនិយោគដាំដំឡូងនៅទីតាំងដីរបស់ក្រុមហ៊ុន ដើម្បីទទួលបាន​ប្រាក់ចំណេញ។

សូមបញ្ជាក់ថា សម្រាប់ទីតាំងដីខាងលើនេះ ក្រុមហ៊ុន HLH ក៏បានប្រកាស​ស្វា​គមន៍អ្នកស្រឡាញ់លើវិស័យកសិកម្ម អាចចូលរួមដាំដំណាំផ្សេងផ្សេងៗ ឬការចិញ្ចឹមសត្វផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្រុមហ៊ុន៖
098 297 999 Call, WhatsApp, Telegram (ENG, KH, CHN)
078 707 727 Call, WhatsApp, Telegram (ENG, KH)
ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ