(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រាប់ពីគុណប្រយោជន៍នៃសណ្តែកដី ដោយបញ្ជាក់ថា វាជួយដល់ភ្នែក ខួរក្បាល បេះដូង សាច់ដុំ ឆ្អឹង និងការពារមហារីកទៀតផង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងបន្តថា សណ្តែកដី ត្រូវបានចែកជា ២ប្រភេទ គឺសណ្តែកដីលក្ខណៈមានផ្លែ (Nuts) និងសណ្តែកដីលក្ខណៈមើម (Peanuts)។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានបន្ថែមថា សណ្តែកដី មានសារធាតុ Unsaturated fat ដែលជាខ្លាញ់ល្អ (ប្រេងអូលីវ)។ លោកបញ្ជាក់ថា ខ្លាញ់មាន ២ប្រភេទគឺ Saturated fat ដែលធ្វើឲ្យប៉ះពាល់បេះដូង និង Unsaturated fat មានក្នុងសណ្តែកដីដូចបានបញ្ជាក់នេះ។
បើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី សណ្តែកដីមានផ្ទុកវីតាមីន B1 ដែលជួយឲ្យខួរក្បាលភ្លឺថ្លា, មានសារធាតុកាល់ស្យូម ជួយដល់ឆ្អឹង, មានប្រូតេអ៉ីន ជួយដល់សាច់ដុំ, មានកាឡូរីតិច ជួយសម្រកគីឡូ និងមានជាតិដែក។ លោកបន្ថែមថា ក្រៅពីជួយកាត់បន្ថយមហារីក សណ្តែកដីក៏ជួយកាត់បន្ថយទឹកនោមផ្អែក និងគ្រួសក្នុងប្រមាត់ ទៀតផង។
លោកវេជ្ជបណ្ឌិត ដែលធ្លាប់រស់នៅអាមេរិកដ៏យូរឆ្នាំនោះ បានឲ្យដឹងទៀតថា នៅអាមេរិក (និងពួកអឺរ៉ុប) តែងតែលាបសណ្តែកដី ដាក់ជាមួយប័រ នំប័ង និងដំណាប់ជាដើម ហើយគេទទួលទានរាល់ព្រឹក ដែលមានន័យថា គេទទួលទានក្នុងកម្រិតច្រើនមែនទែន ខណៈខ្មែរយើងទទួលទានតិចនៅឡើយ។ មានប្រជាជន តែមួយចំនួនតូចទេ ដែលទទួលទានសណ្តែកដីទៅ អាល័កហ្ស៉ី រហូតដល់ស្ទះដង្ហើម ក្រៅពីហ្នឹងអត់មានអ្វីអវិជ្ជមានទេ៕