(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ រៀបចំពិធីរុក្ខទិវា ៩ កក្កដា ២០២៣ នៅចំណុចដីចំណីប្រឡាយ ស្ថិតក្នុងភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ពិធីនេះក៏មានដាំកូនឈើប្រណិតផងដែរ។

បើតាមលោកអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានលើកឡើងថា ទីតាំងដាំកូនឈើនាពេលនេះ គឺនៅសងខាងប្រឡាយដូនទាវ ដែលមានប្រវែង ៦,០០០ម៉ែត្រ ចាប់ពីស្ពានដូនទាវ រហូតទៅដល់មុខប្រាសាទឯកភ្នំ ដោយកាលដើមឡើយប្រជាពលរដ្ឋបានចាប់តាំងលំនៅ និងដាំដំណាំហូបផ្លែផ្សេងៗ លុះដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានផ្ដល់ទំនប់ស្ទាក់ទឹកមួយកន្លែង និងប្រឡាយបេតុង២ខ្សែ សម្រាប់នាំទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ និងធ្វើការដោះស្រាយប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយនេះ ដោយផ្ដល់ដីជូនពួកគាត់ទៅនៅកន្លែងផ្សេង ហើយដើម្បីថែរក្សាដីសាធារណៈរបស់រដ្ឋនេះឱ្យបានគង់វង្ស និងរៀបចំឱ្យមានសោភ័ណភាព កាន់ស្រស់ស្អាត ទើបរដ្ឋបាលស្រុកឯកភ្នំ ស្នើដល់រដ្ឋបាលខេត្តបាត់ដំបង រៀបចំដាំកូនឈើដើម្បីទុកជាទ្រព្យសម្បត្តិដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់អំពីប្រភេទដើមឈើប្រណិតទាំងអស់នេះ។

លោក សុខ លូ បានលើកឡើងថា រុក្ខទិវានេះត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែផ្ដល់ការគាំទ្រចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ចាត់តាំងឱ្យរាជធានី ខេត្ត រៀបចំពិធីរុក្ខទិវានេះជារៀងរាល់ឆ្នាំផងដែរ។

លោកបានបន្តថា ក្នុងនោះក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដាំដើមឈើប្រណិត ដូចជាដើមបេង ដើមធ្នង់ និងដើមគ្រញូងជាដើម ដើម្បីទុកដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ប្រភេទដើមឈើប្រណិតៗដែលយើងមាន ហើយជាពិសេសគឺដើមឈើទាំងអស់នោះមានសភាពរឹងមាំជាងដើមឈើលំអរផ្សេងៗទៀត៕