(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី ជឿង ហេឡែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក អ៊ុក ដាមរី តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់មានសេចក្តីរន្ធត់ក្រៀមក្រំក្ដុកក្ដួល ចំពោះមរណភាពរបស់ លោក អ៊ុក ដាមរី តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល កាលពីវេលាម៉ោង០៥:១៨នាទីព្រឹក ថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ»

សម្ដេចវិបុលសេនាភក្តី ក៏សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេងព្រមទាំងសោកស្តាយអាឡោះអាល័យ ជាទីបំផុតជាមួយលោកជំទាវ ព្រមទាំងក្មួយៗ និងចៅៗ ចំពោះការបាត់បង់លោក អ៊ុក ដាមរី ជាមេគ្រួសារ បិតា ជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។

ជាមួយនឹងការចូលរួមរំលែកទុក្ខ សម្ដេចវិបុលសេនាភក្តី បានចាត់ទុកថា ការបាត់បង់រូប លោក អ៊ុក ដាមរី គឺជាការបាត់បង់ធនធានមនុស្សមួយរូបដែលបានយក អស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ដើម្បីបម្រើជាតិមាតុភូមិ។

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក៏សូមវត្ថុស័ក្កសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ ដួងវិញ្ញាណក្ខន្ធឯកឧត្តម អ៊ុក ដាមរី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕