(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប្រកាសបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ទោ របស់ក្រសួងការពារជាតិ ជូនដល់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ សរុបចំនួន២៩៥នាក់ ស្រីចំនួន៦០នាក់។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបង្កើត «គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨» ដោយមានភារកិច្ចចំនួន ៣ចំណុច គឺថែរក្សាប្រពៃណីស្នេហាជាតិ ការពារស្នាដៃ សមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់យុទ្ធមិត្ត ជាពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ និងរៀបចំសមាជិកដែលជាយុទ្ធជនដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោនាពេលនោះ។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា យ.ជ.ប.ទ មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន គឺជាប្រធាន និងនាយឧត្តមសេនីយ៍ សៅ សុខា ជាអនុប្រធាន។

ក្នុងសេចក្ដីសម្រេចនោះបញ្ជាក់ទៀតថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បង្កើតមូនិធិតេជោ១២៥ សម្រាប់ដំណើរការងាររបស់ខ្លួនផងដែរ៕