(ភ្នំពេញ)៖ «ទឹក» គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន របស់រាជរដ្ឋាភិបាល ដែលបានរំលេចនៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ គឺមនុស្ស ផ្លូវ ភ្លើង ទឹក ហើយ «ទឹក» ក៏នឹងនៅជាវិស័យអាទិភាព ព្រមទាំងបានក្លាយជាវិស័យអាទិភាពលំដាប់ទី៣ ក្នុងចំណោមវិស័យអាទិភាពចំនួន៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

រាជរដ្ឋាភិបាលកម្ពុជា មានផែនការកំណត់គោលដៅ «ប្រជាពលរដ្ឋទីប្រជុំជន ១០០ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ និងធានាបាននូវលក្ខខណ្ឌចំនួន ៤គឺ «គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»

ការអនុវត្តនូវគោលការណ៍កំណត់ថ្លៃទឹកស្អាត ត្រូវបានកំណត់ជារួមទូទាំងប្រទេស​ ដោយកែប្រែពីការកំណត់ថ្លៃទឹកស្អាតតែមួយប្រភេទ ទៅជាតារាងថ្លៃដែលបែងចែក ទៅតាមកម្រិតនៃការប្រើប្រាស់ គឺអ្នកប្រើប្រាស់តិចនឹងបង់ថ្លៃទឹកស្អាតទាបជាង អ្នកប្រើប្រាស់ច្រើន។

ចំពោះតម្លៃទឹកស្អាត ប្រជាពលរដ្ឋមួយចំនួនធំ ប្រហែលជាមិនទាន់បានជ្រាបថា ទឹកស្អាតដែលខ្លួនកំពុងតែប្រើប្រាស់រាល់ថ្ងៃនេះ គឺមានតម្លៃថោកជាងថ្លៃដើមនៃការផលិតទឹកស្អាតនោះទេ។ តែនេះ គឺជាការពិត អ្នកប្រើប្រាស់ពី ០-៧ម៉ែត្រគូប តម្លៃទឹកត្រូវកំណត់ឱ្យលក់ទាបជាងថ្លៃដើម ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតក្នុងតម្លៃទាប ដោយរាជរដ្ឋាភិបាលជាអ្នកឧបត្ថម្ភធន (ចេញថ្លៃជំនួស)។

តម្លៃទឹកស្អាតមិនដូចគ្នាទេ គឺប្រែប្រួលទៅតាមតំបន់ ឬស្ថានភាពនៃការផលិត។ ចំពោះនៅរាជធានីភ្នំពេញ ថ្លៃដើមនៃការផលិតទឹកស្អាតក្នុង១ម៉ែត្រគូប តម្លៃ ១២៨០រៀលក្នុង១ម៉ែត្រគូប។

សម្រាប់តម្លៃលក់ទឹកស្អាត នៅរាជធានីភ្នំពេញ ត្រូវកំណត់ដូចខាងក្រោម៖
* អតិថិជនជីវភាព (រៀល/ម៉ែត្រគូប)
- ប្រើមិនលើសពី ៧ម៉ែត្រគូប តម្លៃ ៤០០រៀល
- ប្រើពី៨-១៥ម៉ែត្រគូប តម្លៃ ៧២០រៀល
- ប្រើពី១៦-២៥ម៉ែត្រគូប តម្លៃ ៩៦០រៀល
- ប្រើពី ២៦-៥០ម៉ែត្រគូប តម្លៃ ១២៥០រៀល
- ប្រើពី ៥១ម៉ែត្រគូបឡើងទៅ តម្លៃ ១៩០០រៀល

* អតិថិជនអាជីវកម្ម (រៀល/ម៉ែត្រគូប)
- ប្រើមិនលើសពី ១៥ម៉ែត្រគូប តម្លៃ ៩៥០រៀល
- ប្រើពី ១៦-៤៥ម៉ែត្រគូប តម្លៃ ១១០០រៀល
- ប្រើពី ៤៦-១០០ម៉ែត្រគូប តម្លៃ ១៤០០រៀល
- ប្រើពី ១០១-២០០ម៉ែត្រគូប តម្លៃ ១៧០០រៀល
- ប្រើពី ២០១-៥០០ម៉ែត្រគូប តម្លៃ ២១០០រៀល
- ប្រើចាប់ពី ៥០១ម៉ែត្រគូប តម្លៃ២៤០០រៀល

* អតិថិជនជាក្រសួងស្ថាប័ន អង្គភាពនានា និងស្ថានទូត ដោយមិនកំណត់តាមបរិមាណប្រើប្រាស់ តម្លៃ២៥០០រៀល ក្នុង១ម៉ែត្រគូប។

បន្ថែមលើសពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវការបញ្ចុះថ្លៃទឹកស្អាត និងការតភ្ជាប់បណ្តាញទឹកស្អាតជូនកម្មករ-កម្មការិនី និងសិស្សនិស្សិតស្នាក់នៅបន្ទប់ជួល នៅរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់ទទួលបានទឹកស្អាតតម្លៃសមរម្យ​ ដោយរដ្ឋាករទឹកភ្នំពេញ លក់ទៅឱ្យម្ចាស់ផ្ទះជួយតម្លៃ ៧០០រៀលក្នុងមួយម៉ែត្រគូប ហើយម្ចាស់ផ្ទះលក់បន្តទៅឱ្យកម្មករ កម្មការិនី និងសិស្សនិស្សិតក្នុងតម្លៃ ៨០០រៀលក្នុង១ម៉ែត្រគូប។ បើតាមទិន្នន័យគិតត្រឹមចុងឆ្នាំ២០២២ ផ្ទះ និងអគារចំនួន ៥២៦១ផ្ទះ ស្មើនឹង១១៤៦៥៦បន្ទប់ បានទទួលការបញ្ចុះថ្លៃទឹកស្អាតនេះ៕