(បន្ទាយមានជ័យ)៖ ថ្ងៃទី១៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកកាគណបក្សប្រជាជនកម្ពុជា ជាង ២,៥០០នាក់ នៅស្រុកម៉ាឡៃ។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី នាឱកាសនោះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ សមាជិកគណបក្សព្រមទាំងប្រជាពលរដ្ឋស្រុកម៉ាឡៃ ដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារតែមួយ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា ក្រោមនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយស្រុកម៉ាឡៃ ដែលអតីតកាលជាតំបន់សមរភូមិសង្គ្រាម ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងស្រុកខ្ទេចខ្ទាំ មកធ្វើការអភិវឌ្ឍ និងប្រែក្លាយតំបន់ជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច។ បច្ចុប្បន្នស្រុកម៉ាឡៃ បានក្លាយជាប៉ូលសេដ្ឋកិច្ចមួយ នៃប៉ូលសេដ្ឋកិច្ចនានា ក្នុងខេត្តបន្ទាយមានជ័យ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ព្រំដែនកម្ពុជា-ថៃ ងាយស្រួលធ្វើដំណើរ និងបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនក្នុងស្រុក ដោះដូរកសិផលនានា និងទេសចរណ៍ផងដែរ។
ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន បន្តក្លាយជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តភាពរីកចម្រើនជីវភាពកាន់តែធូរធាទាំងអស់គ្នា៕