(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់បណ្ណសរសើរ ជូនមន្ត្រីសុខាភិបាលចំនួន ៦០៨នាក់ ដែលបានចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩។
ពិធីនេះមានការចូលរួមពីលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះមន្ត្រីសុខាភិបាលខេត្តទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ នាពេលកន្លងទៅដោយទទួលបានភាពជោគជ័យ។
លោកថាពិធីដ៏សំខាន់មួយនេះមានអត្ថន័យយ៉ាងធំធេង ឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ លើការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនវីរកងទ័ពអាវស នៃខេត្តឧត្តរមានជ័យ ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងកំពុងបំពេញភារកិច្ច អនុវត្តតួនាទីរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងក្របខណ្ឌជារួម។
លោក ប៉ែន កុសល្យ បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តឧត្តរមានជ័យទាំងមូល លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់អស់លោក លោកស្រី ទាំងអស់ នាគ្រាប្រឈម គ្រាលំបាក ដោយហេតុថាគ្រានោះមន្ទីរពេទ្យយើងនៅខ្វះធនធានមនុស្សដែលមានជំនាញឯកទេស និងខ្វះមូលដ្ឋានផ្តល់សេវាសំខាន់ៗដូចជាអគារជំងឺឆ្លង អគារសង្គ្រោះបន្ទាន់មិនទាន់សមស្រប សម្ភារៈ បរិក្ខារ មណ្ឌុលចត្តាឡីស័ក និងគ្រែសម្រាប់អ្នកជំងឺសម្រាក។ ប៉ុន្តែតាមរយះការតាំងចិត្តខ្ពស់ដោយមានការឧបត្ថម្ភ គាំទ្រ និងអន្តរាគមន៍បន្ទាន់ និងជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ពីសប្បុរសជន និងដៃគូរអភិវឌ្ឍនានា ព្រមទាំងការប្រើប្រាស់យន្តការកម្លាំងសរុប សម្ភារសរុប មធ្យោបាយសរុប នៃគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ យើងសម្រេចទប់ស្កាត់បានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំបានយ៉ាងជោគជ័យ។
លោកអភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ជោគជ័យជូនជាតិដែលក្រុមកងទ័ពអាវសនៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបាននាពេលនេះ មិនមែនជាការចៃដន្យ ឫបានមកដោយឯកឯងនោះទេ គឺវាកើតឡើងពីការលះបង់កម្លាំងកាយ ចិត្ត ការទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈ និងព្រមទទួលយកនូវការប្រឈម និងសេចក្តីស្លាប់ដោយឥតរុញរារបស់បងប្អូនវីរៈកងទ័ពអាវសយើងទាំងអស់គ្នា។លោកក៏គោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែនៅជាមួយប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន និងតែងចាត់ទុកថា «បញ្ហាលំបាករបស់ប្រជានជាបញ្ហាលំបាករបស់សម្តេច» ហើយសម្តេចក៏មិនភ្លេចនូវគម្រូវីរៈភាព ដោយបានផ្តល់ជាបណ្ណសរសើរសម្រាប់ជាការរំលឹក ក៏ដូចជាការដឹងគុណចំពោះការលះបង់របស់កងទ័ពអាវស នៃរដ្ឋបាលខេត្តឧត្តរមានជ័យយើង៕