(កំពង់ស្ពឺ)៖ ពិធីបុណ្យសាសនារបស់ខ្មែរយើង ដែលមានតាំងពីដូនតានៃបុព្វបុរស នោះគឺបុណ្យចូលព្រះវស្សាចាប់គិតពីថ្ងៃ១ រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអសុ្សជ ដែលមានរយៈពេល៣ខែ ហើយជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យព្រះសង្ឃមិនបាននិមន្តបិណ្ឌបាទកើត។
ជាក់ស្តែងព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត ដឹកនាំមន្ត្រីរាជការ បានប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគជាទេយ្យវត្ថុ សម្រាប់ព្រះសង្ឃប្រើប្រាស់ និងបច្ច័យមួយចំនួនទៀត សម្រាប់ព្រះសង្ឃនិមន្តមកពីវត្តចំនួន៤៥ នាឱកាសចូលព្រះវស្សានា ។
លោក វ៉ី សំណាង បានថ្លែងថា ក្នុងរដូវចូលព្រះវស្សាព្រះសង្ឃមិនអាចត្រាចរណ៍បិណ្ឌបាតបានឡើយ ហើយរយៈពេល ៣ខែឯណោះ ក្នុងនាមយើងជាប្រជាពុទ្ធបរិស័ទ្ធ កាន់ព្រះពុទ្ធសាសនា ត្រូវចូលចំណែកតម្កល់ចិត្ត កសាងសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា។
លោកអភិបាលបានបន្តថា ក្នុងកំឡុងពេលនេះដែរព្រះសង្ឃគ្រប់អង្គស្នាក់នៅក្នុងវត្តអារាម មិននិនមន្តចេញក្រៅបាន គឺមានតែត្រូវខិតខំរៀនសូត្រ នូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅដល់មនុស្សគ្រប់ៗគ្នា ឱ្យកសាងអំពើល្អ មិនបៀតបៀនអ្នកដទៃ ដើម្បីសេចក្តីសុខក្នុងវិស័យសាសនា និងសង្គមទាំងមូល៕