(កំពង់ចាម)៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តចុះជួបបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ប្រមាណជាង៣០០នាក់ ក្នុងមូលដ្ឋានឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ក៏ដូចជាបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
សកម្មភាពចុះជួបបងប្អូនម្ចាស់ឆ្នោតនេះ ធ្វើឡើងនៅបរិវេណវត្តជម្ពូរសោភា ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក អ៊ុក ប្រជា បេក្ខជនបម្រុងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ, លោក ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ, លោក ឱម តារាឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំសូរសែន្យ, លោក ឡោ ចាន់លី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម, លោក មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំសូរសែន្យ ជាច្រើនរូប។
ក្នុងឱកាសនោះ លោកបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំខ្លួន និងរៀបរាប់អំពីជីវប្រវត្តផ្ទាល់ខ្លួនរបស់លោក ទាំងការរស់នៅ ការសិក្សាររៀនសូត្រ និងបទពិសោធន៍ការងារ ជាពិសេសប្រវត្តិ នៃការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងជាតិមាតុភូមិ ជាដើម។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្ដិ បាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងដោយស្មោះត្រង់។
បន្ថែមពីនេះ លោកបានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកបេក្ខជនតំណាងរាស្រ្ត បានបន្តថា កម្ពុជាក៏សម្រេចបានផងដែរនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) និងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក ព្រមទាំងកំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា-តួរគី កម្ពុជា-សហព័ន្ធស្វ៊ីស និងកម្ពុជា-ប៉ាគីស្ថាន ផងដែរ ដែលជាកត្តាធ្វើឱ្យកម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។
លោក ប៉ាន សូរស័ក្ដិ បានបន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
ក្នុងនោះ ក៏បានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាពទេនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាព ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
ទន្ទឹមនឹងនេះ លោកបេក្ខជនតំណាងរាស្រ្ត បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ផងដែរ៕